Nothing Phone 1 ចេញផ្លូវការហើយ ជាមួយការឌីហ្សាញរូបរាងប្លែកពីគេ និងតម្លៃខ្ទង់ 400 ដុល្លារ
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

មួយរយៈចុងក្រោយនេះ យើងបានឃើញការបង្ហើប ក៏ដូចជាដំណឹងលេចធ្លាយជាច្រើន ទាក់ទងនឹងទូរសព្ទម៉ូឌែលថ្មី Nothing Phone 1 របស់ក្រុមហ៊ុនថ្មី Nothing ដែលត្រូវបានបង្កើតឡើងដោយលោក Carl Pei ត្រូវជាសហស្ថាបនិករបស់ OnePlus នោះឯង។ ដោយឡែកកាលពីយប់មិញនេះ Nothing Phone 1 ត្រូវបានក្រុមហ៊ុនប្រកាសចេញជាផ្លូវការហើយ ដូច្នេះពេលនេះលក្ខណៈសម្បត្តិសំខាន់ៗរបស់វា ក៏ត្រូវបានលាតត្រដាងរួចរាល់ដែរ។

អ្វីដែលធ្វើឲ្យ Nothing Phone 1 ប្លែកពីគេនោះ គឺទៅលើការឌីហ្សាញខាងក្រោយរបស់វាតែម្ដង ជាក់ស្ដែងដូចបានឃើញអញ្ចឹង នៅខាងក្រោយវាបានប្រើប្រាស់កញ្ចក់ថ្លា មើលឃើញខាងក្នុង ក៏ដូចជាមានភ្លើង LED ពណ៌ស ដែលត្រូវបានគេដាក់នៅខាងក្រោយនោះផងដែរ។ ភ្លើង LED នេះ ត្រូវបានក្រុមហ៊ុនគេអះអាងថា ដាក់មកដើម្បីជាប្រយោជន៍ទៅដល់ការប្រើប្រាស់ ជាក់ស្ដែងភ្លើងមួយខ្សែដែលស្ថិតនៅក្បែរន្ធសាកថ្មនោះ វាអាចបង្ហាញឲ្យដឹង ពីកម្រិតថាមពលថ្មពេលកំពុងសាកបាន, ភ្លើងមួយខ្សែនៅកណ្ដាល អាចបង្ហាញឲ្យដឹងពីពេលដែលទូរសព្ទនេះកំពុងសាកថ្ម ឬកំពុងផ្ទេរថាមពលថ្មទៅកាន់ឧបករណ៍ដទៃ, មួយខ្សែនៅជុំវិញកាមេរ៉ានោះ អាចជួយជាពន្លឺបន្ថែមទៅដល់កាមេរ៉ា ពេលកំពុងថតរូបភាព ឬវីដេអូ ហើយភ្លើង LED ពណ៌ក្រហមតូចនៅខាងស្ដាំនោះវិញ គឺមាននាទីបង្ហាញឲ្យដឹង ពេលកំពុងថតវីដេអូ។

ទៅមើលខាងមុខវិញ វាមានបំពាក់មកជាមួយអេក្រង់ទំហំ 6.55 អ៊ីញ ជាប្រភេទ OLED មានកម្រិតបង្ហាញ 1080p ល្បឿន Refresh Rate 120Hz និងមានកម្រិតពន្លឺឡើងខ្ពស់បំផុតបានដល់ 1,200nits ផងដែរ។ អេក្រង់នេះមានគែម Bezel ជុំវិញខ្លីស្មើគ្នាទាំង 4 ជ្រុងតែម្ដង ហើយវាក៏មានម៉ូតលេនទំលុះអេក្រង់មួយគ្រាប់ នៅខាងលើផ្នែកខាងឆ្វេង ដែលជាសេនស័រកាមេរ៉ាទំហំ 16MP។ កាមេរ៉ាខាងក្រោយរបស់វាមានចំនួនពីរគ្រាប់ ក្នុងនោះមានលេនគោលទំហំ 50MP ដែលគាំទ្របានទាំង OIS និង EIS ចំណែកឯមួយគ្រាប់ទៀតជាលេនទូលាយ Ultrawide ទំហំ 50MP ដូចគ្នា ដែលថតប្លង់ទូលាយបាន 114 ដឺក្រេ និងអាចដើរតួជា Macro បានដូចគ្នា ដែលអាចថតកៀកបំផុតបានដល់ 4cm ទៀតផង។​

Nothing Phone 1 បានបំពាក់មកជាមួយឈីបលំដាប់បង្គួររបស់ Qualcomm នោះគឺ Snapdragon 778G Plus អមមកជាមួយជម្រើសរ៉េមពីរប្រភេទគឺ 8GB និង 12GB ក៏ដូចជាមានអង្គផ្ទុក 128GB ឬ 256GB។ ទូរសព្ទនេះបានបំពាក់មកជាមួយថាមពលថ្មទំហំ 4,500mAh គាំទ្រមុខងារសាកថ្មល្បឿនលឿន 33W និងមុខងារសាកថ្មឥតខ្សែបាន 15W ហើយវាក៏ទទួលបានមុខងារការពារទឹកកម្រិតស្រាល IP53 មកដែរ។ សម្រាប់ផ្នែក Software, Nothing Phone 1 បានដំណើរការដោយ Android ស្រោបពីលើដោយស្បែក UI ផ្ទាល់ខ្លួន Nothing OS។ ចំពោះផ្នែកតម្លៃ នៅលើទីផ្សារអឺរ៉ុប Nothing Phone 1 ត្រូវបានគេដាក់លក់ខ្ទង់ចាប់ពីខ្ទង់ 400 ដុល្លារឡើងទៅ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង