Xiaomi 12S Series ប្រើប្រាស់ឈីប 8+ Gen1 ដំបូងគេ បំពាក់សេនស័រកាមេរ៉ាទំហំ 1"
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

មុននេះបន្ដិច Xiaomi បានធ្វើការប្រកាសចេញ ទូរសព្ទលំដាប់កំពូលៗស៊េរីថ្មីជាផ្លូវការហើយ ដែលត្រូវជាម៉ូឌែល Xiaomi 12S, 12S Pro និង 12S Ultra ជាមួយ Xiaomi Band 7 Pro និង Xiaomi Book Pro 2022 ដូចគ្នា។ ពួកវាសុទ្ធតែមានលក្ខណៈសម្បត្តិ គួរឲ្យចាប់អារម្មណ៍ និងស្ថិតនៅជំនាន់ចុងក្រោយ ថែមទៀតផង។

តម្លៃដាក់លក់នៅទីផ្សារប្រទេសចិន៖

- Xiaomi 12S Ultra

(8GB RAM/256GB ROM) មានតម្លៃខ្ទង់ 896 ដុល្លារ

(12GB RAM/256GB ROM) មានតម្លៃខ្ទង់ 971 ដុល្លារ

(12GB RAM/512GB ROM) មានតម្លៃខ្ទង់ 1,045 ដុល្លារ

- Xiaomi 12S Pro

(8GB RAM/128GB ROM) មានតម្លៃខ្ទង់ 702 ដុល្លារ

(8GB RAM/256GB ROM) មានតម្លៃខ្ទង់ 746 ដុល្លារ

(12GB RAM/256GB ROM) មានតម្លៃខ្ទង់ 806 ដុល្លារ

(12GB RAM/512GB ROM) មានតម្លៃខ្ទង់ 881 ដុល្លារ

- Xiaomi 12S

(8GB RAM/128GB ROM) មានតម្លៃខ្ទង់ 597 ដុល្លារ

(8GB RAM/256GB ROM) មានតម្លៃខ្ទង់ 642 ដុល្លារ

(12GB RAM/256GB ROM) មានតម្លៃខ្ទង់ 702 ដុល្លារ

(12GB RAM/512GB ROM) មានតម្លៃខ្ទង់ 776 ដុល្លារ

- Xiaomi 12 Pro (MediaTek Limited Edition) (Dimensity 9000+)

(8GB RAM/128GB ROM) មានតម្លៃខ្ទង់ 597 ដុល្លារ

(12GB RAM/256GB ROM) មានតម្លៃខ្ទង់ 672 ដុល្លារ

ការឌីហ្សាញ

រូបរាងរបស់ Xiaomi 12S និង 12S Pro គឺមិនសូវខុសគ្នាច្រើនពីម៉ូឌែល 12 Series ពីមុនប៉ុន្មាននោះទេ ដោយគ្រាន់តែមានបន្ថែមមពាក្យ Leica ដៃគូសហការថ្មី នៅក្នុងស៊ុមកាមេរ៉ាខាងក្រោយរបស់ពួកវា ជាមួយនឹងជម្រើសពណ៌សថ្មី។ ដោយឡែក Xiaomi 12S Ultra ទើបបានខុសប្លែកពីគេ ហើយមើលទៅដូចជាម៉ាស៊ីនថតម្យ៉ាងដែរ នៅពេលដែលមានរង្វង់កាមេរ៉ាធំបែបនោះ។ វាមានជម្រើសពណ៌ខ្មៅ និងជម្រើសពណ៌បៃតង ប្រភេទស្បែកលក្ខណៈស៊ីលីកុន លាយស៊ុមកាមេរ៉ាពណ៌មាស ដែលសុទ្ធតែជាជម្រើសពិសេសជាងគេ ក្នុងចំណោមត្រកូល 12S Series នេះ។ គួរបញ្ជាក់ផងថា មានតែម៉ូឌែល 12S Ultra ប៉ុណ្ណោះ ទើបទទួលបានមានអាវការពារទឹក IP68 ជាផ្លូវការ។

បន្ទះអេក្រង់

Xiaomi 12S មានអេក្រង់ AMOLED ទំហំ 6.23” FHD+ 120Hz ប្រភេទ 12bit DCI-P3 ជាមួយកម្រិតពន្លឺ 1,100nits ផងដែរ។ ចំណែកឯ Xiaomi 12S Pro បំពាក់អេក្រង់ AMOLED E5 ទំហំ 6.73”, Dolby Vision, 2K ជាបន្ទះអេក្រង់ប្រភេទ LTPO ជំនាន់ទី 2 អាចឲ្យកម្រិត Refresh Rate ឆ្លាស់រវាង 1Hz–120Hz មានរលូន ដើម្បីជួយសន្សំថាមពលថ្ម។ វាក៏ជាអេក្រង់អាចបង្ហាញពណ៌បានដល់ 10bit ជាមួយដង់ស៊ីតេ 522ppi និងកម្រិតពន្លឺភ្លឺបំផុតដល់ 1,500nits ឯណោះ។ សម្រាប់ Xiaomi 12S Ultra គឺមានអេក្រង់ AMOLED E5 ទំហំ 6.73”, Dolby Vision, WQHD+, កម្រិត Refresh Rate 1Hz-120Hz ប្រភេទ LTPO ជំនាន់ទី 2។ ពួកវាសុទ្ធតែត្រូវបានការពារដោយកញ្ចក់ Corning Gorilla Glass Victus និងមានរន្ធបំពងសំឡេង 2 គ្រាប់ ត្រូវបានកែសម្រួលដោយ Harman Kardon ដូចៗគ្នា។

កម្លាំងម៉ាស៊ីន + បច្ចេកវិទ្យាថ្មី

Xiaomi 12S, 12S Pro និង 12S Ultra គឺប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8+ Gen1 (4nm) មុនដំបូងគេតែម្ដង ជាមួយនឹងការគាំទ្រប្រព័ន្ធ 5G, រ៉េមប្រភេទ LPDDR5 ក៏ដូចជា UFS 3.1 សម្រាប់អង្គផ្ទុកទិន្នន័យ។ បច្ចេកវិទ្យាថ្មី FBO Storage Technology (បង្កើតដោយ Xiaomi) ត្រូវបានដាក់ឲ្យប្រើនៅលើ 12S Ultra ដើម្បីជួយកុំឲ្យទំហំផ្ទុកធ្លាក់លឿន ក្រោយពីប្រើអស់ប៉ុន្មានឆ្នាំរួចមក។ ទូរសព្ទទូទៅនឹងធ្លាក់ល្បឿនផ្ទេរទិន្នន័យពី 1900MB/s ទៅ 400MB/s បន្ទាប់ពីប្រើអស់រយៈពេល 4 ឆ្នាំហើយ ដោយឡែក 12S Ultra នឹងនៅតែរក្សាល្បឿន 1900MB/s បានដដែល ទោះបីជាប្រើបាន 4 ឆ្នាំហើយក៏ដោយ បើយោងតាមការអះអាងរបស់ Xiaomi។

កាមេរ៉ា

Xiaomi 12S មានកាមេរ៉ាក្រោយ 3 គ្រាប់ (លេនគោល 50MP SONY IMX707 OIS + លេន Ultra-Wide ថតទូលាយ ទំហំ 13MP + លេន Macro ទំហំ 5MP)។ Xiaomi 12S Pro មានកាមេរ៉ាក្រោយ 3 គ្រាប់ (លេនគោល 50MP SONY IMX707 OIS + លេន Ultra-Wide ថតទូលាយ ទំហំ 50MP + Telephoto 2x ទំហំ 50MP)។ ជាពិសេសនោះគឺ Xiaomi 12S Ultra ដែលវាមានកាមេរ៉ាក្រោយសរុប 3 គ្រាប់ ដោយលេនគោលមានទំហំធំ 1” SONY IMX989 ទំហំ 50MP + លេន Ultra-Wide ទំហំ 48MP + លេន Telephoto 5x Optical Zoom ទំហំ 48MP (120x Digital Zoom)។ ទូរសព្ទទាំង 3 ម៉ូឌែលថ្មីៗនេះ សុទ្ធតែមានកាមេរ៉ាមុខទម្លុះអេក្រង់ទំហំ 32MP ដូចៗគ្នា។


ថាមពលថ្ម 

បើថាមពលថ្មវិញ Xiaomi 12S (4500mAh), 12S Pro (4600mAh) និង 12S Ultra (4860mAh)។ ពួកវាមានគាំទ្រកម្លាំងសាកថ្ម 120W សម្រាប់ម៉ូឌែល 12S Pro ប៉ុណ្ណោះ ជាមួយការបញ្ចូលថ្មមួយពេញ ប្រើពេលត្រឹមតែ 19 នាទីប៉ុណ្ណោះ និងកម្លាំង 67W សម្រាប់ 12S និង 12S Ultra។ ដោយមានការគាំទ្រមុខងារសាកថ្មឥតខ្សែ 50W និងផ្ទេរថ្មឲ្យឧបករណ៍ផ្សេងបាន 10W ផងដែរ។ ចំពោះឈីប Surge G1 និង P1 គឺមាននៅលើម៉ូឌែល 12S Ultra ដែលវាអាចធ្វើឲ្យថាមពលថ្ម មិនងាយធ្លាក់គុណភាព និងអាចគ្រប់គ្រងថ្មបានកាន់តែល្អប្រសើរ។

មតិផ្ទាល់ខ្លួន

សម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ទៅលើ Xiaomi 12S Series ថ្មីៗនេះ ខ្ញុំគិតថាពួកវាមានចំណុចពិសេសជាច្រើន ហើយ Xiaomi នៅតែអាចដាក់លក់ពួកវា នៅក្នុងតារាងតម្លៃមួយ អាចទទួលយកបានដដែល។ គួរឲ្យសោកស្ដាយដែរថា Xiaomi 12S និង 12S Pro មិនទទួលបាន IP68 ដូចម៉ូឌែល 12S Ultra នោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុន Xiaomi + SONY + Leica បានធ្វើឲ្យស្មាតហ្វូនកាន់តែមានសមត្ថភាពខ្លាំងមួយកម្រិតទៀត ជាមួយនឹងសេនស័រកាមេរ៉ាទំហំ 1” បើយោងតាមរូបភាពដែល Xiaomi ថតចេញពី 12S Ultra ទាំងអស់នោះ។ ចុះអ្នកទាំងអស់គ្នាវិញ តើយល់ឃើញយ៉ាងណាដែរ?

Xiaomi 12 Pro (MediaTek Limited Edition)

ប្រភព ៖ Xiaomi
អត្ថបទទាក់ទង