Hyundai បង្ហាញរូបរាងរថយន្តអគ្គិសនី Ioniq 6 ថ្មី ស្របពេលចំណែកទីផ្សាររបស់គេកំពុងកើនឡើង
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

កាលពីឆ្នាំមុន Hyundai បានប្រកាសចេញរថយន្ត SUV អគ្គិសនី Ioniq 5 ជាផ្លូវការ ដែលជាម៉ូឌែលសំខាន់មួយ ជួយឲ្យចំណែកទីផ្សាររបស់ក្រុមហ៊ុននេះបន្តកើនឡើងនៅក្នុងទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន។ ខណៈថ្មីៗនេះវិញ គេបានបង្ហាញពីការឌីហ្សាញរូបរាងរបស់រថយន្ត Ioniq 6 ថ្មី ប៉ុន្តែលើកនេះជាប្រភេទរថយន្ត​ Sedan ម្ដង។

អ្វីដែល Hyundai បានបង្ហាញគឺជាឌីហ្សាញខាងក្រៅ និងខាងក្នុងប៉ុណ្ណោះ ចំណែកឯលក្ខណៈសម្បត្តិសំខាន់ៗទាក់ទងនឹង Ioniq 6 នោះ គេនឹងបង្ហាញប្រាប់តាមក្រោយនៅអំឡុងខែកក្កដាខាងមុខនេះ។ រូបរាងខាងក្រៅរបស់ Ioniq 6 ត្រូវបានគេធ្វើឡើងយកគំរូកាត់តាមរថយន្តគំរូ Hyundai Prophecy កាលពីឆ្នាំ 2020 នោះឯង ដោយមើលទៅប្លែក និងបន្តអត្តសញ្ញារថយន្តអគ្គិសនីប្រចាំត្រកូលមួយនេះ។

នៅខាងក្នុងរបស់វា ស្រដៀងនឹងរថយន្ត Ioniq 5 កន្លងទៅដែរ ដោយមានអេក្រង់ទំហំ 12 អ៊ីញចំនួនពីរដាក់ជាប់គ្នា ហើយកាន់តែប្លែកនោះ Hyundai ក៏មានផ្តល់ជម្រើស បំពាក់អេក្រង់នៅខាងឆ្វេង និងខាងស្ដាំដើម្បីបង្ហាញរូបភាពនៅខាងក្រោយ ដែលចាប់ចេញពីកាមេរ៉ាសងខាង ជំនួសឲ្យកញ្ចក់ឆ្វេងស្ដាំធម្មតាវិញ។

ទោះជាមានអេក្រង់ធំនៅខាងក្នុងមែន តែ Hyundai នៅតែបន្តប៊ូតុងពិតប្រាកដ សម្រាប់បញ្ជា ក៏ដូចជាកំណត់ទៅលើមុខងារសំខាន់ៗមួយចំនួនក្នុងរថយន្ត ដោយមិនពឹងផ្អែកទៅលើអេក្រង់ទាំងស្រុងដូចរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនមួយចំនួនទៀតនោះទេ។ ការធ្វើបែបនេះ គេបញ្ជាក់ថា គឺដើម្បីសុវត្ថិភាពដល់អ្នកប្រើប្រាស់ពេលកំពុងបើកបរ ព្រោះថា Touchscreen អាចបង្ករឲ្យមានគ្រោះដល់អ្នកបើបបរ ដោយវាអាចនឹងធ្វើឲ្យគេបាត់បង់ការយកចិត្តទុកដាក់ទៅលើផ្លូវបាន។

នៅខាងក្នុងនោះដែរ ក៏ត្រូវបានគេដាក់ភ្លើង LED ដែលអាចបង្ហាញពណ៌ដល់ទៅ 64 ប្រភេទ ដែលជួយរថយន្តនេះមើលទៅកាន់តែប្រណីត។ Ioniq 6 នឹងត្រូវ Hyundai ប្រកាសចេញពេញលេញជាផ្លូវការនៅថ្ងៃទី 14 ខែកក្កដាខាងមុខ ហើយក្រុមហ៊ុនកូរ៉េខាងត្បូងនេះ អាចនឹងចាប់ផ្តើមផលិតចាប់ពីខែក្រោយនេះទៅ ជាមួយគម្រោងដាក់លក់នៅអំឡុងឆ្នាំ 2023 ខាងមុខ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង