គម្រោងបង្កើតម៉ូដឹម 5G របស់ Apple មិនទាន់ជោគជ័យទេ នាំឲ្យ iPhone ក្រោយៗបន្តប្រើម៉ូដឹមរបស់ Qualcomm
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

ធ្លាប់មានព័ត៌មានជាច្រើនកាលពីពេលកន្លងទៅនេះ ដោយបានបង្ហាញទាក់ទងនឹងគម្រោងរបស់ Apple ក្នុងការបង្កើតម៉ូដឹម 5G ទុកប្រើប្រាស់ផ្ទាល់ខ្លួននៅលើ iPhone និងផលិតផលមួយចំនួនទៀតរបស់គេ ហើយគម្រោងកាលពីដើមឡើយនោះ គឺ Apple អាចយកម៉ូដឹមរបស់ខ្លួននេះ មកប្រើប្រាស់ដំបូងនៅលើជំនាន់ iPhone 15 ក្នុងឆ្នាំ 2023 ខាងមុខ។

ដោយឡែក បើតាមការបង្ហាញចេញពីប្រភពល្បី Ming-Chi Kuo ថ្មីៗកន្លងទៅនេះវិញបានឲ្យដឹងថា គម្រោងក្នុងការបង្កើតម៉ូដឹម 5G ផ្ទាល់ខ្លួនរបស់ Apple នោះ នៅមិនទាន់ជោគជ័យដូចការគ្រោងទុករបស់គេឡើយ ដូច្នេះ iPhone គ្រោងចេញឆ្នាំក្រោយ ឬ iPhone 15 នោះ នឹងបន្តប្រើប្រាស់ម៉ូដឹម 5G របស់ Qualcomm ដដែល។

មិនត្រឹមតែប៉ុណ្ណោះទេ គេបានដឹងទៀតថា លើកនេះ Apple អាចនឹងប្រើប្រាស់ម៉ូដឹម Qualcomm 100% តែម្ដង មានន័យថា គ្រប់ iPhone ទាំងអស់នឹងទទួលបានម៉ូដឹមរបស់ Qualcomm មិនដូចការរំពឹងទុកលើកមុនឡើយ ដោយគេគ្រោងប្រើម៉ូដឹម Qualcomm តែ 20% នៃចំនួន iPhone សរុបប៉ុណ្ណោះ។

កាលពីឆ្នាំ 2019 កន្លងទៅ Apple បានទិញយកមុខជំនួញផ្នែកផលិតម៉ូដឹមទូរសព្ទឆ្លាតរបស់ Intel ជាមួយគ្នានឹងវិស្វករផ្នែកនេះចំនួន 2,000 នាក់ស្រាប់តែម្ដង ដែលជាចំណុចមួយបង្ហាញយ៉ាងច្បាស់ថា គេពិតជាមានគម្រោងផលិតម៉ូដឹមខ្លួនឯងពិតមែន។ ការប្រើប្រាស់ម៉ូដឹមផ្ទាល់ខ្លួន អាចជួយឲ្យ Apple ចំណាយតិចជាងមុនទៅលើតម្លៃ បើធៀបនឹងការទិញពីក្រុមហ៊ុនដទៃ, អាចឲ្យគេកែតម្រូវ និងកំណត់នៃការដំណើរការរបស់ម៉ូដឹមនោះ តាមតម្រូវការ និងប្រភេទឧបករណ៍បានងាយស្រួល ហើយមួយវិញទៀត វាក៏ជួយឲ្យគេកាត់បន្ថយការពឹងផ្អែកផ្នែកម៉ូដឹមនេះ លើក្រុមហ៊ុនផ្គត់ផ្គង់ដទៃដូចជា Qualcomm ជាដើម។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង