ASUS ទទួលបានពានរង្វាន់រហូតដល់ទៅចំនួន 39 នៅលើកម្មវិធី Red Dot Design Award 2022
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ASUS បានឈ្នះពានរង្វាន់ Red Dot Design Awards ប្រចាំឆ្នាំ 2022 បានរហូតដល់ទៅចំនួន 39 ឯណោះ ដែលសុទ្ធតែជាផលិតផលត្រូវបានគេទទួលស្គាល់ថា មានការរចនាលេចធ្លោជាងគេ នៅក្នុងកម្មវិធីប្រកួតប្រជែងដ៏ធំមួយនេះ។ ការប្រកួតនៅក្នុងឆ្នាំនេះ ASUS ព្រមទាំងបានបំបែកកំណត់ត្រាថ្មីរបស់ខ្លួនថែមទៀតផង ដោយអាចយកឈ្នះបានពានរង្វាន់យ៉ាងច្រើន ជាងឆ្នាំមុនៗទៅទៀត។ ការទទួលបានជ័យលាភីនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ASUS ក្នុងការរចនាផលិតផល ជាមួយការច្នៃប្រឌិតខ្ពស់ និងការផ្តល់នូវបទពិសោធន៍កាន់តែល្អប្រសើរ ដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែង។

លោក Mitch Yang ប្រធានផ្នែករចនាប្រចាំ ASUS បានលើកឡើងមកថា "យើងមានកិត្តិយសណាស់ ដែលត្រូវបានទទួលស្គាល់ដោយ Red Dot នៅក្នុងឆ្នាំនេះម្តងទៀត ហើយខ្ញុំមានមោទនភាពចំពោះក្រុមការងារទាំងមូល ដែលបានខិតខំជារៀងរាល់ថ្ងៃ ដើម្បីនាំយកនូវភាពច្នៃប្រឌិត និងការរចនារបស់ ASUS ទៅកាន់កម្រិតបន្ទាប់ទៀត"។ គាត់ក៏បានបន្ថែមទៀតថា "ការកសាងភាពជោគជ័យរបស់ ក្រុមការងារយើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការប្រើវិធីសាស្ត្រ ASUS Design Thinking ដែលគិតទៅដល់អ្នកប្រើប្រាស់ជាគោល បានជួយឲ្យយើងអាចបន្តស្វែងរក តម្រូវការពិតរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែប្រសើរ ថែមទាំងឆ្លាតវៃ និងរីករាយសម្រាប់ជីវិតមនុស្សគ្រប់គ្នា។"

​បើ​យោងតាមស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ Red Dot ដែលត្រូវជាសាស្ត្រាចារ្យ​បណ្ឌិត Peter Zec បាននិយាយប្រាប់ថា ៖ "គណៈវិនិច្ឆ័យអន្តរជាតិរបស់យើង បានវាយតម្លៃផលិតផលជាច្រើននៅក្នុងឆ្នាំនេះ ដោយ ក្រុមហ៊ុនចូលរួមប្រកួតជាច្រើន ត្រូវបានប្រឈមមុខនឹងការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ ពីអ្នកជំនាញៗរបស់យើងផ្ទាល់។ ចំពោះអ្នកដែលទទួលបានជ័យជំនះ ក្នុងចំណោមការប្រកួតជាមួយ ក្រុមហ៊ុនសុទ្ធតែខ្លាំងៗបែបនេះ គឺពិតជាបង្ហាញពីគុណភាពដ៏អស្ចារ្យ របស់ផលិតផល​ទាំងអស់នោះមែនទែន”។

កម្មវិធីទទួលពានរង្វាន់ Red Dot គឺជាកម្មវិធីប្រកួតប្រជែង លើផ្នែកឌីហ្សាញដ៏ធំបំផុតមួយ ដែលមានក្រុមហ៊ុនចូលរួមប្រកួតសរុបជាង 18,000 ក្រុមហ៊ុនឯណោះ មកពីជុំវិញពិភពលោក។ ការប្រកួតចែកចេញជាចំនួន 3 ផ្នែក៖ ការរចនាផ្ដោតលើផលិតផល (Product Design), ការរចនាផ្ដោតលើម៉ាក & ការទំនាក់ទំនង (Brands & Communication Design) និងការរចនាបែបគំរូ (Design Concept)។ អស់រយៈពេលជាង 60 ឆ្នាំមកហើយ គណៈវិនិច្ឆ័យអន្តរជាតិដ៏ល្បីល្បាញ ដែលសុទ្ធតែជាអ្នកជំនាញៗ បានមកពិនិត្យជារៀងរាល់ឆ្នាំ ដើម្បីជ្រើសរើសរកមើលការរចនាដ៏ល្អបំផុត ជាមួយការវិនិច្ឆ័យយ៉ាងម៉ត់ចត់ ដែលប្រើរយៈពេលជាច្រើនថ្ងៃ ដោយផ្តោតទៅលើ កម្រិតនៃការច្នៃប្រឌិត, មុខងារ និងភាពប្រើជាប់បានយូរផងដែរ។

ប្រភព ៖ ASUS
អត្ថបទទាក់ទង