HTC ត្រលប់មកវិញជាមួយ Desire 22 Pro ជាទូរសព្ទធ្វើឡើងផ្តោតលើ Metaverse
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

សម្រាប់ប្រិយមិត្តដែលទន្ទឹងរង់ចាំមើលវត្តមានទូរសព្ទរបស់ HTC នោះ មុននេះបន្តិចក្រុមហ៊ុនគេបានប្រកាសចេញជាផ្លូវការហើយ ជាម៉ូឌែល HTC Desire 22 Pro ប៉ុន្តែអ្វីដែលធ្វើពួកយើងខកចិត្តវិញនោះ គឺថានេះមិនមែនជាទូរសព្ទលំដាប់កំពូល ដូចដែលក្រុមហ៊ុននេះបានបង្ហើបប្រាប់កន្លងទៅឡើយ។

អ្វីដែល HTC ចង់បង្ហាញនៅលើទូរសព្ទឆ្លាតរបស់ខ្លួនលើកនេះ គឺគេបញ្ចេញ Desire 22 Pro មកដោតផ្តោតសំខាន់ទៅលើផ្នែក Metaverse តែម្ដង។ ចំណុចដែល HTC អះអាងថា ទូរសព្ទនេះធ្វើឡើងមកឲ្យសមស្របជាមួយ Metaverse នោះគឺ គេបានដាក់បញ្ចូលកម្មវិធី VIVERSE មកជាមួយទូរសព្ទនេះស្រាប់ ដែលអាចឲ្យអ្នកប្រើប្រាស់ ងាយស្រួលក្នុងការចូលទៅកាន់ពិភពសិប្បនិមិ្មត។ អ្នកប្រើប្រាស់ក៏អាចប្រើកម្មវិធីនេះដើម្បីបង្កើត VIVE Avatar និងគ្រប់គ្រងទ្រព្យសម្បត្តិឌីធីថល (រួមមានទាំង NFT ជាដើម) ហើយក៏អាចប្រើ VIVE Wallet ដើម្បីដាក់ Cryptocurrency និងអាចធ្វើប្រតិបត្តិការបានងាយស្រួលផងដែរ។ ចំណុចសំខាន់មួយទៀតនោះ គឺយើងក៏អាចធ្វើការ Stream Content ផ្សេងៗពីទូរសព្ទទៅកាន់ Vive Flow (VR Headset) ឬ Stream ពី Vive Flow មកកាន់អេក្រង់របស់ Desire 22 Pro វិញបានដូចគ្នា។

សម្រាប់លក្ខណៈសម្បត្តិសំខាន់ៗខាងក្នុងវិញ ប្រាកដណាស់ថា វាមិនមែនជាម៉ូឌែលកំពូលឡើយ ដោយមានបំពាក់អេក្រង់ទំហំ 6.6 អ៊ីញ កម្រិតបង្ហាញ FHD+ ជាមួយល្បឿន Refresh Rate 120Hz។ អេក្រង់នេះប្រើម៉ូតលេនទំលុះអេក្រង់នៅខាងឆ្វេង ដែលផ្ទុកកាមេរ៉ាមួយគ្រាប់ទំហំ 32MP ហើយនៅខាងក្រោមវិញ យើងឃើញគែម Bezel សល់ធំគួរឲ្យកត់សម្គាល់។ កាមេរ៉ាក្រោយរបស់វាមានបំពាក់មក 3 គ្រាប់ ដោយលេនគោលទំហំ 64MP, ជាមួយលេនទូលាយ Ultrawide 13MP និងមាន 5MP មួយគ្រាប់ទៀតជា Depth Sensor។

HTC Desire 22 Pro បានប្រើប្រាស់ឈីប Snapdragon 695 5G មានន័យថា វាអាចគាំទ្រ 5G បាន អមមកជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុក 128GB។ ថាមពលថ្មដែលបំពាក់មកទំហំ 4,520mAh ហើយចំណុចមួយដែលទាក់ទាញជាងគេលើទូរសព្ទនេះ គឺវាក៏អាចគាំទ្រមុខងារសាកថ្មឥតខ្សែ និងការផ្ទេរថាមពលថ្មទៅកាន់ឧបករណ៍ដទៃ ដោយឥតខ្សែបានដូចគ្នា។

ក្រៅពីនេះ ទូរសព្ទថ្មីរបស់ HTC ក៏មានមុខងារការពារទឹកពេញលេញកម្រិត IP67 មកដែរ។ នៅលើទីផ្សារតៃវ៉ាន់ Desire 22 Pro មានជម្រើសពណ៌ដូចជា Wave Gold និង Starry Night Black ហើយនឹងចេញលក់ផ្លូវការចាប់ផ្តើមពីថ្ងៃទី 1 ខែកក្កដាខាងមុខនេះទៅ ជាមួយតម្លៃខ្ទង់ 404 ដុល្លារ។ HTC ក៏ផ្តល់ជម្រើសលក់ជាកញ្ចប់មួយទៀតដែរ ដែលក្នុងកញ្ចប់នោះគឺមានទាំង HTC Desire 22 Pro និង Vive Flow VR Headset ជាមួយតម្លៃខ្ទង់ 791 ដុល្លារ។

បន្ទាប់ពីបានដឹងពីចំណុចសំខាន់ៗបែបនេះហើយ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរជាមួយ HTC Desire 22 Pro?

ប្រភព ៖ HTC
អត្ថបទទាក់ទង