អ្នកតេស្តរកឃើញថា សេនស័រស្កេនស្នាមម្រាមដៃលើ Pixel 6A អាចដោះសោបានលឿនជាង Pixel 6 Pro
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

អ្នកប្រើប្រាស់ Pixel 6 និង 6 Pro មួយចំនួនធំ សុទ្ធតែកត់សម្គាល់ឃើញថា សេនស័រស្កេនស្នាម្រាមដៃដោះសោនៅលើទូរសព្ទកំពូលរបស់ Google នេះ ហាក់ដូចជាមានល្បឿនយឺត ជាពិសេសបើយកទៅប្រៀបធៀបនឹងទូរសព្ទ Android កំពូលៗដទៃទៀត។ យ៉ាងណា Google ហាក់ដូចជាបានពង្រឹងបន្ថែមលើចំណុចនេះ សម្រាប់ Pixel 6A ដែលបានប្រកាសចេញក្នុងព្រឹត្តិកាណ៍ I/O កន្លងទៅហើយ។

មិនខុសទេ បើយោងតាម YouTuber ម្នាក់មានឆានែលឈ្មោះ Fazli Halim ដែលទទួលបាន Pixel 6A នៅក្នុងដៃហើយនោះ គាត់បានតេស្តរកឃើញថា ល្បឿននៃការដោះសោដោយប្រើប្រាស់សេនស័រស្កេនស្នាមម្រាមដៃលើ Pixel 6A មានល្បឿនលឿនជាង Pixel 6 Pro។ យ៉ាងណាដើម្បីជាក់ច្បាស់ ប្រិយមិត្តអាចទស្សនាវីដេអូ Review របស់គាត់បន្ថែមនៅខាងក្រោមនេះបាន។

បើតាមការបង្ហាញក្នុងវីដេអូរបស់គាត់នោះ គឺយើងពិតជាអាចសម្គាល់ដឹងថា Pixel 6A អាចដោះសោបានលឿនជាងមែន តែមិនលឿនជាងដាច់ឆ្ងាយពេកនោះទេ គ្រាន់តែមើលទៅឃើញថា Pixel 6A មានស្ថេរភាពជាងទៅលើសេនស័រស្កេនស្នាមម្រាមដៃនេះ។

នេះជាដំណឹងល្អមួយ ព្រោះកន្លងទៅនេះ សេនស័រស្កេនស្នាម្រាមដៃបានក្លាយជាចំណុចខ្សោយមួយនៅលើ Pixel 6 Series ដូច្នេះបើ Google បានកែប្រែបញ្ហានេះលើ Pixel 6A បាន គេអាចនឹងទទួលបានចំណាប់អារម្មណ៍ច្រើនពីអតិថិជនមកវិញ។ កាលពីខែមុន Chief ផ្នែក Hardware ប្រចាំ Google លោក Rick Osterloh ក៏បានបញ្ជាក់ប្រាប់ដែរថា សេនស័រស្កេនស្នាមម្រាមដៃមានបំពាក់លើ Pixel 6A នោះ គឺខុសគ្នាពីសេនស័រដែលគេបានបំពាក់លើ Pixel 6 និង 6 Pro កន្លងទៅ ដូច្នេះនេះជាចំណុចសមហេតុផលមួយ សម្រាប់ Pixel 6A ដែលមានមុខងារស្កេនស្នាម្រាមដៃ ដំណើរការបានប្រសើរជាងបងៗរបស់វា។

ប្រភព ៖ The Verge
អត្ថបទទាក់ទង