ឈីប M2 Pro | M2 Max ត្រូវបានរាយការណ៍ថា នឹងផ្អែកលើបច្ចេកវិទ្យា 3nm តែម្ដង មិនដូច M2 នោះទេ
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

មុនពេល Apple ប្រកាសចេញឈីប M2 ជំនាន់ថ្មី ជាមួយគ្នានឹងវត្តមាន MacBook Pro 13 និង MacBook Air កាលពីពេលថ្មីៗកន្លងទៅនេះ គឺមានប្រភពជាច្រើនរំពឹងខ្ពស់ថា ឈីបថ្មីនេះនឹងផ្អែកលើបច្ចេកវិទ្យា 3nm ប៉ុន្តែនៅទីបំផុត Apple នៅបន្តប្រើប្រាស់បច្ចេកវិទ្យា 5nm ដដែល គ្រាន់តែលើកនេះជាជំនាន់ទី 2។


យ៉ាងណាក្តីសង្ឃឹមដែលថា ឈីបត្រកូល M2 នឹងតម្លើងទៅប្រើប្រាស់បច្ចេកវិទ្យា 3nm នៅមិនទាន់អស់នៅឡើយទេ ជាក់ស្ដែងថ្មីៗនេះយើងទទួលបានដំណឹងចេញមកថា ឈីប M2 Pro​ និង M2 Max របស់ Apple នឹងប្រើប្រាស់បច្ចេកវិទ្យា 3nm Process របស់ TSMC។ ដំណឹងថ្មីនេះត្រូវបានរាយការណ៍ចេញពីប្រភព DigiTimes ថា Apple បានធ្វើការកុម្ម៉ង់ឲ្យ TSMC ត្រៀមផលិតកម្មសម្រាប់ឈីប 3nm របស់ខ្លួនរួចរាល់ហើយ ដែលក្នុងនោះរួមមានទាំងឈីប M2 Pro និង M3 ទៀតផង។

បើសិនជា M2 Pro ផ្អែកលើបច្ចេកវិទ្យា 3nm Process ពិតមែន ដូច្នេះប្រាកដណាស់ថា M2 Max នឹងផ្អែកលើបច្ចេកវិទ្យានេះដូចគ្នា ហើយវាអាចនឹងត្រូវប្រើប្រាស់នៅលើ MacBook Pro ម៉ូឌែលខ្ពស់បំផុត មិនខុសពី M1 Max បច្ចុប្បន្ននេះទេ។

ឈីប M2 Pro ត្រូវបានរំពឹងខ្ពស់ថា អាចនឹងបំពាក់នៅលើ MacBook Pro 14 និង 16 ម៉ូឌែលថ្មី ហើយខណៈពេល M3 វិញ អាចនឹងបង្ហាញខ្លួននៅលើ MacBook Air 13 អ៊ីញ ជំនាន់ក្រោយមួយទៀត, MacBook Air 15 អ៊ីញថ្មី, iMac ជំនាន់ថ្មី និងអាចមានលើ MacBook 12 អ៊ីញថ្មីផងដែរ។ យ៉ាងណាបើសិនជា M2 Pro ប្រើប្រាស់បច្ចេកវិទ្យា 3nm មែន ដូច្នេះគម្លាតសមត្ថភាពរវាងឈីបនេះជាមួយ M2 នឹងកាន់តែឃ្លាតឆ្ងាយគ្នាជាងកាលពី M1 និង M1 Pro ទៅទៀត ព្រោះថា M2 នៅប្រើប្រាស់បច្ចេកវិទ្យា 5nm ដដែលប៉ុណ្ណោះ។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង