បុរសម្នាក់ទទួលបាន iPhone របស់ខ្លួនវិញ បន្ទាប់ពីបានបាត់នៅក្នុងទន្លេ 10 ខែក្រោយមក
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

យើងធ្លាប់ឮរឿងរ៉ាវអ្នកប្រើប្រាស់មួយចំនួន បាត់ទូរសព្ទជាច្រើនដងមកហើយ ប៉ុន្តែរឿងរ៉ាវបាត់ទូរសព្ទថ្មីមួយលើកនេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ ព្រោះបុរសម្នាក់ទទួលបាន​ iPhone ដែលបានបាត់របស់គាត់វិញ បន្ទាប់ពីធ្លាក់ចូលទន្លេកាលពី 10 ខែមុន។

មិនខុសទេ យោងតាមការរាយការណ៍ចេញពីប្រភព 9To5Mac បានឲ្យដឹងថា បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Owain Davies បានបាត់ iPhone របស់ខ្លួននៅក្នុងទន្លេ Wye River (Gloucestershire) ពេលកំពុងធ្វើដំណើរកម្សាន្តតាមកាណូត កាលពីខែសីហាឆ្នាំ 2021 កន្លងទៅ។ ចាប់តាំងពីនោះមកគាត់មិនបានបន្តស្វែងរក iPhone របស់គាត់ទៀតហើយ ហើយរហូតមកទល់ប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ លោក Miguel Pacheco ដែលជិះកាណូតកម្សាន្តជាមួយកូនស្រីរបស់គាត់ក្នុងតំបន់ទន្លេនោះ បានប្រទះឃើញ iPhone មួយគ្រឿងអណ្តែតក្នុងទឹក ហើយគាត់បានស្រង់យក iPhone នោះមកសម្ងួតនៅផ្ទះ ព្រមទាំងបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមទៀតផង ដើម្បីស្វែងរកម្ចាស់ iPhone នោះវិញ។

បន្ទាប់ពីទុក iPhone នោះឲ្យស្ងួតហើយ លោក Miguel Pacheco បានព្យាយាមយកវាទៅសាកបញ្ចូលថ្ម ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល iPhone នោះចាប់ផ្តើមសាកថ្មចូលបានដូចធម្មតា។ ក្រោយមកទៀត iPhone ដែលបាត់នោះដែរ បានបង្ហាញចេញផ្ទាំង Lock Screen ដែលក្នុងរូបនោះមានបុរស និងស្ត្រីម្នាក់ ចំណែកកាលបរិច្ឆេទគឺវាបង្ហាញថ្ងៃទី 13 ខែសីហា ដែលជាថ្ងៃបានបាត់នោះឯង។

បន្ទាប់ពីឃើញបែបនេះហើយ លោក Miguel Pacheco ក៏បានបង្ហោះរូបភាពនោះជាថ្មីម្ដងទៀតនៅក្នុងបណ្ដាញសង្គម Facebook និងមានចំនួនអ្នក Share ដល់ទៅ 4,000 ដងទៀតផង។ យ៉ាងណាក៏ដោយ ការបង្ហោះមិនបានដឹងដោយផ្ទាល់ទៅដល់ម្ចាស់ iPhone ឡើយ ព្រោះគេមិនបានប្រើប្រាស់បណ្ដាញសង្គមជាង 6 ខែមកហើយ។ ទោះជាយ៉ាងណា ក៏មានមិត្តភ័ក្តរបស់ម្ចាស់ iPhone ចំណាំមុខរបស់គេនៅក្នុង Lock Screen ក៏បានប្រាប់ និងជួយឲ្យលោក Owain Davies ទៅទទួល iPhone របស់គាត់ពីលោក Miguel Pacheco វិញ។

លោក Miguel Pacheco បាននិយាយថា “បើសិនជាគាត់បាត់ទូរសព្ទ ដែលក្នុងនោះមានរូបភាពកូនៗរបស់គាត់ជាច្រើននោះ គឺប្រាកដណាស់គាត់ចង់បានទូរសព្ទនោះមកវិញ” ដូច្នេះហើយបានជាគាត់ព្យាយាមស្វែងរកម្ចាស់ iPhone (លោក Owain Davies) ដើម្បីប្រគល់ជូនវិញ។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង