Samsung ទើបប្រកាសចេញម៉ូនីទ័រដំបូងគេមានអេក្រង់ 4K ល្បឿន Refresh Rate ដល់ 240Hz
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

ដូចយើងបានដឹងហើយ Odyssey ជាត្រកូលម៉ូនីទ័រ Gaming របស់ Samsung ហើយក្នុងថ្ងៃនេះដែរ គេបានបញ្ចេញម៉ូនីទ័រខ្សែស្រឡាយ Odyssey Neo G Series ជំនាន់ថ្មីជាច្រើនម៉ូឌែល ដែលក្នុងនោះរួមមានទាំងម៉ូឌែល​ Neo G8 ដែលមានបំពាក់បច្ចេកវិទ្យាអេក្រង់ជំនាន់ចុងក្រោយបង្អស់ផងដែរ។

Odyssey Neo G8 ជាម៉ូនីទ័រម៉ូឌែលថ្មីរបស់ Samsung ដែលមានបំពាក់អេក្រង់ Mini-LED ជំនាន់ទី 2 ហើយនេះថែមទាំងជាអេក្រង់មានកម្រិតបង្ហាញ 4K ជាមួយល្បឿន Refresh Rate ដល់ 240Hz ដំបូងគេបំផុតតែម្ដង។ ម៉ូនីទ័រនេះដែរ មានអេក្រង់ទំហំ 32 អ៊ីញ​​​ កម្រិតកោង 1000R ជាមួយកម្រិត Respond Time 1ms (Gray-to-gray), គាំទ្រ HDR និងមានកម្រិតពន្លឺឡើងខ្ពស់បំផុតបានដល់ទៅ 2,000 nits ទៀតផង។

សម្រាប់ Contrast Ratio របស់វាគឺមានកម្រិត 1,000,000:1, អាចគាំទ្រការកំណត់កម្រិតពន្លឺបានដល់ទៅ 4,096 កម្រិត និងគាំទ្រមុខងារ Gaming ដូចជា AMD FreeSync Premium Pro ជាដើម។

សម្រាប់រន្ធ I/O វិញ ម៉ូនីទ័រនេះមានភ្ជាប់រន្ធ HDMI 2.1 ចំនួន 2 និង DisplayPort 1.4 ចំនួនមួយ។ បន្ថែមពីនេះ វាក៏បន្តបំពាក់មុខងារ CoreSync មកដូចមុនដែរ ដែលអាចឲ្យភ្លើង LED នៅខាងក្រោយរបស់វា បញ្ចេញពណ៌ឲ្យត្រូវគ្នាជាមួយពណ៌រូបភាពនៅលើអេក្រង់បាន។ ជើងបញ្ឈររបស់ Odyssey Neo G8 ក៏អាចឲ្យអ្នកប្រើកែតម្រូវកម្ពស់, បង្វិលមុំបញ្ឈរ/មុំផ្តេក ព្រមទាំងអាចកំណត់មុំលំងាកបានដូចគ្នា។ សម្រាប់ការចេញលក់វិញ នៅក្នុងពេលនេះ Samsung បានចាប់ផ្តើមដាក់លក់ Odyssey Neo G8 នៅក្នុងទីផ្សារកូរ៉េខាងត្បូងហើយ ជាមួយតម្លៃខ្ទង់ 1,154 ដុល្លារ ខណៈវត្តមានម៉ូនីទ័រនេះលើទីផ្សារសកល ក្រុមហ៊ុនគេនៅមិនទាន់បញ្ជាក់ប្រាប់ច្បាស់ទេ។

ប្រភព ៖ Samsung
អត្ថបទទាក់ទង