ទីបំផុតយានអវកាសលើភពអង្គារកំពុងនៅប្រើ Windows 98 មួយនេះ នឹងទទួលបានកំណែអាប់ដេតថ្មី
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

Mars Express ជាយានអវកាសលើភពអង្គារមួយ ដែលកំពុងតែនៅដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows 98 នឹងត្រូវទទួលបានកំណែអាប់ដេតថ្មីហើយ បើយោងតាមទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានចែករំលែកកាលពីពេលថ្មីៗនេះ។

ទោះបីជា Microsoft បានទម្លាក់កំណែអាប់ដេតរហូតដល់ជំនាន់ Windows 11 ហើយក៏ពិតមែនក្ដី ប៉ុន្ដែយានអវកាសលើភពអង្គារមួយនេះ នៅកំពុងប្រើប្រាស់ Windows 98 នៅឡើយ រហូតមកដល់សព្វថ្ងៃនេះ។ ចាប់តាំងពីអំឡុងឆ្នាំ 2003 ដែលយានអវកាស The Mars Express បានបង្ហោះឡើងទៅលើកដំបូង គឺវាមិនធ្លាប់ទទួលបានកំណែអាប់ដេតនោះទេ។ យ៉ាងណាក៏ដោយ យានអវកាសមួយនេះ នៅតែអាចស្កេនឃើញ អាងទឹកក្រោមដីដ៏ធំ នៅលើភពក្រហមមួយនេះ កាលពីអំឡុងក្នុងឆ្នាំ 2018 កន្លងទៅ។ បើយោងទៅតាម ESA បានឲ្យដឹងបន្ថែមទៀតថា កំណែអាប់ដេតថ្មីនេះ នឹងអនុញ្ញាតឲ្យវាមើលឃើញ នៅក្រោមផ្ទៃនៃភពព្រះអង្គារ និង Phobos (ព្រះច័ន្ទរបស់ភពអង្គារ) ឲ្យកាន់តែលម្អិតជាងពេលមុនៗទៅទៀត។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) មិនបានប្រាប់ថា វានឹងអាប់ដេតឡើងទៅ Windows ជំនាន់ប៉ុន្មាននោះទេ តែបើសិនជាមើលទៅលើម៉ាស៊ីនរបស់វា (តាំងពីឆ្នាំ 2003) គឺអាចប្រហែលជាមិនអាចឡើងទៅ Windows 11 បាននោះទេ ព្រោះតែត្រូវទាមទារ CPU ជំនាន់ក្រោយៗ និងប្រព័ន្ធសុវត្ថិភាព TPM 2.0 ផងដែរ។

ប្រភព ៖ ESA
អត្ថបទទាក់ទង