ម្ចាស់ Pixel 4 ម្នាក់ទទួលបានកំណែអាប់ដេត Android 13 ដោយចៃដន្យពី Google
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ Android 13 កំពុងស្ថិតក្នុងជំនាន់សាកល្បងប៉ុណ្ណោះ ដែលមានន័យថា ទាល់តែអ្នកដែលបានចុះឈ្មោះចូលទៅក្នុងជំនាន់សាកល្បង ទើបអាចប្រើប្រាស់ OS ជំនាន់ថ្មីនេះបាន។ តែយ៉ាងណាកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់ Pixel 4 ម្នាក់បានទទួលបានកំណែអាប់ដេត Android 13 ដោយចៃដន្យ មុនពេលវេលាដែល Google គ្រោងនឹងទម្លាក់ឲ្យជាផ្លូវការច្រើនមែនទែន។

អ្នកអាចនឹងគិតថា Pixel 4 របស់បុរសម្នាក់នោះ ប្រហែលជាបានចុះឈ្មោះចូលទៅកាន់ Beta Program ហើយ តែមិនពិតនោះទេ ម្ចាស់ Pixel 4 មួយរូបនោះ មិនធ្លាប់បានចុះឈ្មោះចូលរួមក្នុង Beta Program ឡើយ ខណៈកំណែអាប់ដេតនោះ Android 13 នោះ ត្រូវបានទម្លាក់មកដល់ទូរសព្ទរបស់គាត់កាលពីថ្ងៃទី 23 ខែមិថុនា កន្លងទៅថ្មីៗនេះ ជាមួយកូដតំណាង TP1A.220603.002.A1។

យ៉ាងណាដំបូងឡើង ម្ចាស់ Pixel 4 នៅមិនទាន់ចាប់អារម្មណ៍ដឹងថា កំណែអាប់ដេតនោះជា Android 13 ឡើយ ដោយគាត់គ្រាន់តែចុចទាញយក​ និងតម្លើងកំណែអាប់ដេតនោះតាមទម្លាប់ធម្មតា។ ក្រោយមកទៀត បន្ទាប់ពីតម្លើងហើយ គាត់ចាប់អារម្មណ៍ឃើញកម្មវិធី Google Pay លែងដំណើរការ ទើបចូលទៅឆែកមើល និងបានដឹងថា កំណែអាប់ដេតនោះជា Android 13។

Google Pay ក្នុង Android 13 ដែលគាត់បានតម្លើងនោះ គឺមិនដំណើរការនោះឡើយ បើទោះជាគាត់បានព្យាយាមតម្លើង APK របស់កម្មវិធីនោះជាថ្មីចុះឡើងក៏ដោយ។ ដោយសារបញ្ហានេះហើយ បានបង្ខំឲ្យម្ចាស់ Pixel 4 ធ្វើ Restore Factory Settings ឡើងវិញ។ យ៉ាងណាមិនទាន់អ្នកដឹងថា មូលហេតុអ្វីបានជា Google ច្រឡំទម្លាក់ Android 13 ឲ្យអ្នកប្រើប្រាស់បែបនេះទេ ប៉ុន្តែចំណុចដែលអាចទៅរួចមួយគឺថា Version Android 13 ដែលម្ចាស់ Pixel 4 ទទួលបាននោះ ជា Version Beta ពិសេស ត្រូវបាន Google ធ្វើសម្រាប់ទម្លាក់ឲ្យបុគ្គលិករបស់ខ្លួន ប៉ុន្តែបែរជាចៃដន្យធ្លាក់មកដល់អ្នកប្រើប្រាស់ទូទៅផ្សេងទៀត។

ប្រភព ៖ Phonearena
អត្ថបទទាក់ទង