ទទួលបានដំណឹងថា Apple គ្រោងប្រកាសចេញផលិតផលជាច្រើនផ្ទួនៗ ចាប់ផ្តើមពីចុងឆ្នាំនេះទៅ
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

ចាប់ផ្តើមពីចុងឆ្នាំនេះទៅ Apple ត្រូវបានគេដឹងថា មានគម្រោងប្រកាសចេញផលិតផលថ្មីៗជាច្រើនមកផ្ទួនៗតែម្ដង នេះបើតាមការបង្ហាញចេញពីប្រភព Mark Gurman មកពី Bloomberg។

មិនខុសទេ តាមរយៈការបង្ហាញចេញពីប្រភពខាងលើ​ ផលិតផលដែល Apple គ្រោងនឹងប្រកាសចេញចាប់ផ្តើមចេញពីចុងឆ្នាំនេះ រហូតដល់អំឡុងដើមឆ្នាំក្រោយ គឺរួមមានទាំង iPhone 14 ជំនាន់ថ្មី 4 ម៉ូឌែល, iPad ជំនាន់ថ្មី, Apple Watch ជំនាន់ថ្មី 3 ម៉ូឌែល, កុំព្យូទ័រ Mac ជាមួយឈីប M2 ច្រើនម៉ូឌែល, កាសឥតខ្សែ AirPods Pro ជំនាន់ថ្មី, Speaker HomePod ជំនាន់ថ្មី និងអាចមាន Apple TV ជាមួយការ Upgrade លក្ខណៈសម្បត្តិឲ្យកាន់តែប្រសើរជាងមុនផងដែរ។

ដើម្បីឲ្យកាន់តែច្បាស់ ប្រភពខាងលើក៏បញ្ជាក់បន្ថែមដែរថា iPhone 14 ម៉ូឌែលថ្មី 4 ម៉ូឌែលនោះមានដូចជា iPhone 14, iPhone 14 Max, iPhone 14 Pro និង iPhone 14 Pro Max។ ចំណែក Apple Watch ជំនាន់ថ្មី 3 ម៉ូឌែលនោះវិញមានដូចជា Apple Watch Series 8, Apple Watch SE និងអាចមានម៉ូឌែលថ្មីមួយទៀតជា Apple Watch ធ្វើឡើងមកដោតលើភាពធន់រឹងមាំទៀតផង។

ចំពោះកុំព្យូទ័រ Mac ម៉ូឌែលថ្មីនោះវិញ អាចរួមមានដូចជា M2 Mac Mini, M2 Pro / M2 Max MacBook Pro 14 និង 16 ព្រមទាំងអាចមាន M2 Ultra / M2 Extreme Mac Pro មកដូចគ្នា។ បន្ថែមពីនេះ ឧបករណ៍ AR/VR របស់ Apple ក៏ត្រូវបានគេរំពឹងថា គ្រោងនឹងចេញជាមួយឈីប M2 ដែរ។ សម្រាប់ iPad វិញ គឺមានសង្ឃឹមខ្ពស់ដែល​ Apple នឹងប្រកាសចេញម៉ូឌែល iPad Pro 11 និង 12.9 ម៉ូឌែលថ្មីប្រើឈីប M2 ហើយថែមទាំងអាចមានម៉ូឌែលកាន់តែធំមួយទៀត មានអេក្រង់ចន្លោះពី 14 អ៊ីញ​ទៅ 15 អ៊ីញតែម្ដង។

ប្រភព ៖ The Verge
អត្ថបទទាក់ទង