នេះជា microSD Card ទំហំ 1.5TB ដំបូងគេបង្អស់ បានចាប់ផ្ដើមបង្ហាញខ្លួនមកហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

Micron Technology ជាក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ដែលមានជំនាញខាងផ្នែកអង្គចងចាំ និងទំហំផ្ទុកទិន្នន័យកុំព្យូទ័រ បានសម្រេចបាននូវ គោលដៅពិសេសមួយទៀតហើយ ដោយបានចែករំលែកពី microSD Card ទំហំ 1.5TB ដំបូងគេបង្អស់នេះ។ ជាការពិតណាស់ ទំហំផ្ទុករហូតដល់ទៅ 1.5TB ប៉ុន្ដែមានទំហំប៉ុនក្រចកដៃរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ។

សម្រាប់ microSD Card ទំហំ 1.5TB ថ្មីនេះ គឺត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា 3D NAND ប្រភេទ 176 ស្រទាប់ ដែលអាចប្រើប្រាស់ក្នុងកាមេរ៉ាសុវត្ថិភាព ជាមួយរយៈពេលថតទុកបាន 120 ថ្ងៃជាប់ ទើបបានអស់ទំហំផ្ទុករបស់វា។ លើសពីនេះ វាក៏មានសមត្ថភាពទ្រទ្រង់វីដេអូកម្រិត 4K បានរលូន ជាមួយមុខងារ AI ចំនួន 8 កំពុងដំណើរការព្រមៗគ្នាបាន ដូចជាមុខងារចាប់ចលនា, មុខងារចាប់ផ្ទៃមុខ ឬចាប់ស្លាក​លេខឲ្យច្បាស់ ជាដើម។ យ៉ាងណាក៏ដោយ Micron មិនបានប្រាប់ពីព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ និងមិនបានប្រាប់ពីតម្លៃដាក់របស់វាដូចគ្នា។

ហេតុដោយសារតែ microSD Card ទំហំ 1TB ដែលធ្លាប់បានចេញកាលពីឆ្នាំ 2019 មានតម្លៃខ្ទង់ $450 ដូច្នេះហើយ microSD Card ទំហំ 1.5TB ថ្មីនេះ ក៏នឹងមានតម្លៃលើសពីនោះថែមទៀត ជាក់ជាមិនខានឡើយ។ ចំពោះថ្ងៃចេញលក់ ក៏ដូចជាព័ត៌មានលម្អិតបន្ថែមអំពីវា នឹងត្រូវរង់ចាំតាមដានជាមួយ Micron បន្ដទៀត។

ប្រភព ៖ Micron Technology
អត្ថបទទាក់ទង