ទីផ្សារទូរសព្ទ Premium មានការកើនឡើងខ្ពស់ ខណៈ iPhone 13 បន្តនាំមុខគេ
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

របាយការណ៍ថ្មីចេញពីក្រុមអ្នកស្រាវជ្រាវលើទីផ្សារទូរសព្ទ Counterpoint Research បានបង្ហាញឲ្យដឹងថា នៅក្នុងទីផ្សារទូរសព្ទលំដាប់ Premium ទាំងអស់ កាលពីក្នុងត្រីមាសទី 1 កន្លងទៅ Apple មានចំណែកទីផ្សារលើសគេដាច់តែម្ដង ហើយក្នុងនោះដែរ iPhone 13 ជាម៉ូឌែលនាំមុខគេ បើធៀបនឹងទូរសព្ទ Premium ដទៃទៀត។

គួរបញ្ជាក់ថា ទូរសព្ទ Premium ដែលក្រុមអ្នកស្រាវជ្រាវខាងលើបានរាប់បញ្ចូលនោះ គឺសំដៅទៅលើទូរសព្ទឆ្លាតទាំងអស់ មានតម្លៃចាប់ពី 400 ដុល្លារឡើងទៅ ដូច្នេះទូរសព្ទលំដាប់បង្គួរៗដូចជា Galaxy A53 5G របស់ Samsung ក៏ដូចជា iPhone SE ជំនាន់ថ្មីជាដើមនោះ ក៏ត្រូវបានគិតបញ្ចូលក្នុងរបាយការណ៍នេះដែរ។

សរុបជារួមទៅ Apple មានចំណែកទីផ្សារដល់ទៅ 62% ឯណោះ ហើយក្នុងចំណោមទូរសព្ទ Premium 5 ម៉ូឌែលដែលនាំមុខគេលើទីផ្សារនេះ គឺមាន 4 ម៉ូឌែលទៅហើយជារបស់ Apple។ មិនខុសទេ iPhone 13 ជាអ្នកនាំមុខគេ ដោយមានចំណែកទីផ្សារដល់ទៅ 23% ឯណោះ ខណៈ iPhone 13 Pro Max មាន 13%, iPhone 13 Pro មាន 9% និង iPhone 12 មាន 8%។ ខណៈ Samsung Galaxy S22 Ultra ឯណោះវិញ ឈរនៅលេខរៀងទី 5 មានចំណែកទីផ្សារ 3% ធ្វើឲ្យម៉ូឌែលនេះក្លាយជាទូរសព្ទ Android លំដាប់ Premium ដែលលក់បានច្រើនជាងគេបំផុតក្នុងទីផ្សារត្រីមាសទី 1 ឆ្នាំ 2022។

យ៉ាងណាបើគិតទៅលើទីផ្សារទូរសព្ទលំដាប់ Premium ទាំងមូលវិញ ក្នុងត្រីមាសទីមួយកន្លងទៅ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្ដែងត្រូវបានគេរកឃើញថា កាន់កាប់ទីផ្សារដល់ 29% ភាគរយ និងជាចំណែកប្រាក់ចំណេញ 65% ក្នុងចំណោមទីផ្សារទូរសព្ទទាំងមូល បើធៀបនឹងចំណែកទីផ្សារ 18% ជាមួយប្រាក់ចំណេញ 46% លើទីផ្សារសរុបកាលពី 5 ឆ្នាំមុន។ បន្ថែមពីនេះ ទូរសព្ទដែលមានតម្លៃថ្លៃបំផុត ក៏មានការកើនឡើងខ្ពស់ដូចគ្នាដែរ (ទូរសព្ទមានតម្លៃចាប់ពី 1000 ដុល្លារឡើងទៅ) ដោយវាមានចំណែកដល់ 30% ឯណោះ ក្នុងចំណោមទូរសព្ទលំដាប់ Premium ទាំងអស់ បើធៀបនឹងក្រោម 10% ប៉ុណ្ណោះកាលពីឆ្នាំមុន។

ប្រភព ៖ Phonearena
អត្ថបទទាក់ទង