Amazon មានគម្រោងធ្វើឲ្យ Alexa អាចត្រាប់សម្លេងឲ្យដូចនរណាម្នាក់បាន
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

កាលពីពេលថ្មីៗនេះ Amazon បានបង្ហាញពីសមត្ថភាពថ្មីមួយ ដែលគេគ្រោងនឹងដាក់បញ្ចូលទៅកាន់ជំនួយការសម្លេង Alexa ដោយសមត្ថភាពថ្មីនោះ គឺអាចឲ្យជំនួយការសម្លេងនេះ ធ្វើត្រាប់ ឬចម្លងតាមសម្លេងនរម្នាក់ឲ្យដូចគ្នា បន្ទាប់ពី Alexa ចំណាយពេលស្ដាប់សម្លេងនោះ មិនដល់មួយនាទីផង។

កុំទាន់យល់ច្រឡំ គោលដៅរបស់ Amazon ដែលគេចង់ធ្វើបែបនេះ “គឺចង់ផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់ Alexa អាចស្ដាប់សម្លេងមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានបាត់បង់ជីវិតទៅ”។ ក្រុមហ៊ុននេះប្រាប់ថា Alexa អាចស្ដាប់សម្លេងដើមមិនដល់ 1 នាទីនោះទេ ប៉ុន្តែវាអាចធ្វើការផ្លាស់ប្តូរសម្លេង និងនិយាយធ្វើត្រាប់តាមដូចសម្លេងដើមនោះ បានក្នុងរយៈពេលយូរទៀតផង។

ឧទាហរណ៍ជាក់ស្ដែងដែល Amazon បង្ហាញដោយផ្ទាល់គឺ “ក្មេងម្នាក់បានសួរទៅកាន់ Alexa តើលោកយាយរបស់គេ អាចអានរឿងចំណងជើង Wizard of Oz បញ្ចប់បានទេ? បន្ទាប់មក Alexa ទទួលបានការបញ្ជានោះ រួចធ្វើការប្តូរសម្លេងរបស់ខ្លួន ត្រាប់តាមសម្លេងលោកយាយរបស់ក្មេង និងបន្តអានរឿងបានយ៉ាងរលូន ជាមួយសម្លេងមិនដូចសម្លេង Robot នោះទេ ជាក់ស្ដែងគឺដូចលោកយាយ​ អានរឿងឲ្យចៅស្ដាប់ក្នុងជីវិតពិតអញ្ចឹង”។

បើទោះជាសមត្ថភាពនេះស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែវាក៏មានសំណួរជាច្រើនត្រូវបានគេសួរទៅកាន់ Amazon តែមិនទាន់មានចម្លើយដែរ ព្រោះមុខងារនេះក៏អាចផ្តល់ប៉ះពាល់ច្រើនវិញដូចគ្នាដែរ ជាក់ស្ដែងជនមិនល្អ អាចយកវាទៅបន្លំសម្លេងនរណាម្នាក់ ធ្វើរឿងមិនសមស្របណាមួយក៏ថាបាន។ យ៉ាងណាក្រុមហ៊ុនអាមេរិកខាងលើ នៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេថា តើពេលណាគេបញ្ចេញមុខងារនោះជាផ្លូវការ ដោយពេលនេះយើងគ្រាន់តែដឹងថា គេកំពុងតែធ្វើការទៅលើមុខងារនេះប៉ុណ្ណោះ។

ប្រភព ៖ Reuters
អត្ថបទទាក់ទង