Xiaomi ចូលប្រឡូកទីផ្សារថេប្លេតកូនកាត់កុំព្យូទ័រជាថ្មី ជាមួយវត្តមាន Xiaomi Book S 12.4
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

ជាច្រើនឆ្នាំកន្លងទៅ Xiaomi ធ្លាប់បានបញ្ចេញថេប្លេត ដែលមានលទ្ធភាពអាចដំណើរការ Windows បានម្ដងហើយ ប៉ុន្តែចាប់ពីពេលនោះមក ក្រុមហ៊ុននេះហាក់ដូចជាមិនបានផ្តោតលើទីផ្សារនេះទៀតឡើយ។ យ៉ាងណាថ្មីៗនេះ Xiaomi ត្រលប់មកវិញម្ដងទៀត ជាមួយការប្រកាសចេញ Xiaomi Book S 12.4 ជាថេប្លេតកាត់កុំព្យូទ័រដំណើរការដោយ Windows ពេញលេញតែម្ដង។

Xiaomi Book S ដំណើរការដោយ Windows 11 ហើយវាបានបំពាក់មកជាមួយឈីបកុំព្យូទ័ររបស់ Qualcomm គឺ Snapdragon 8cx Gen 2 ដែលជាឈីប 7nm ត្រូវបានធ្វើឡើងដោយផ្អែកលើបច្ចេកវិទ្យាដូចគ្នានឹងឈីបទូរសព្ទឆ្លាត Snapdragon 865 ដែរ។ ទន្ទឹមគ្នានេះ Book S 12.4 បានភ្ជាប់រ៉េមមកទំហំ 8GB ជាប្រភេទ LPDDR4X និងបំពាក់អង្គផ្ទុកទំហំ 256GB មកស្រាប់តែម្ដង។

ទៅលើអេក្រង់ ថេប្លេតកូនកាត់នេះបានបំពាក់មកជាប្រភេទ LCD មានទំហំ 12.4 អ៊ីញ កម្រិតបង្ហាញ 2,560 x 1,600 ភិចសែល កម្រិតសមាមាត្រ 16:10 គាំទ្រការបង្ហាញទឹកពណ៌ DCI-P3 បាន 100% ពេញ ប៉ុន្តែវាមានល្បឿន Refresh Rate 60Hz ធម្មតាប៉ុណ្ណោះ។ យ៉ាងណា Xiaomi អះអាងថា កម្រិតពន្លឺរបស់វាអាចឡើងខ្ពស់បំផុតបានដល់ 500 nits ហើយអេក្រង់នេះក៏ត្រូវបានក្រាលការពារដោយកញ្ចក់ Gorilla Glass 3 ដែរ។

តួខ្លួនរបស់ Xiaomi Book S ត្រូវបានធ្វើឡើងពីអាលុយមីញ៉ូម មានកម្រាស់ 8.95mm និងមានទម្ងន់ 720 ក្រាម។ ទៅលើតំណរភ្ជាប់ Xiaomi បានដាក់រន្ធ USB-C ឲ្យមកមួយ ដែលអាចដើរតួជារន្ធសាកថ្មក៏បាន និងជារន្ធសម្រាប់ភ្ជាប់ទៅកាន់ម៉ូនីទ័រ 4K ក៏បាន។ រន្ធដោតកាស 3.5mm ត្រូវបានដាក់ក្បែរគ្នាជាមួយរន្ធ USB-C នោះ ហើយបន្ថែមពីនេះ វាក៏មានរន្ធសម្រាប់បន្ថែម MicroSD Card មួយមកដែរ។ សម្រាប់តំណរភ្ជាប់ឥតខ្សែ ថេប្លតកូនកាត់នេះបានបំពាក់ WiFi 5 ជាមួយ Bluetooh 5.1 ហើយមិនមានម៉ូឌែលដែលអាចដាក់ស៊ីមបាននោះទេ។

ចំពោះថាមពលថ្មវិញ Xiaomi មិនបានបង្ហាញជាក់លាក់នោះទេ ប៉ុន្តែគេបានអះអាងថា នឹងអាចប្រើប្រាស់បាន 13.4 ម៉ោង សម្រាប់ការប្រើប្រាស់ទូទៅ។ មុខងារសាកថ្មល្បឿនលឿន 65W ក៏បានបំពាក់មកដូចគ្នាដែរ។

ក្រៅពីនេះ Xiaomi Book S 12.4 ក៏បានប្រើប្រាស់កាមេរ៉ា 1080p មួយគ្រាប់ ជាមួយ Microphone 2 គ្រាប់ ហើយវាក៏មាន Speaker Stereo មកជាមួយដែរ។ Xiaomi ក៏បានប្រកាសចេញស្រោមការពារជាមួយក្តារចុច ក៏ដូចជាប៊ិក សម្រាប់ប្រើជាមួយថេប្លេតកូនកាត់នេះដែរ ប៉ុន្តែគ្រឿងបន្ថែមទាំងនេះ សុទ្ធតែត្រូវបានគេដាក់លក់ដោយឡែកពីគ្នា។

និយាយដល់ការដាក់លក់ Xiaomi Book S 12.4 មានតម្លៃខ្ទង់ 735 ដុល្លារ នៅទីផ្សារអឺរ៉ុប ខណៈក្តារចុចរបស់វានោះមានតម្លៃខ្ទង់ 156 ដុល្លារ ចំណែកឯប៊ិក Xiaomi SmartPen វិញមានតម្លៃខ្ទង់ 104 ដុល្លារ។

ប្រភព ៖ GSMarena
អត្ថបទទាក់ទង