Sony Honda Mobility Inc. ជាឈ្មោះថ្មីនៃមុខជំនួញរថយន្តអគ្គិសនីរួមគ្នារវាង Sony និង Honda
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

ប៉ុន្មានខែមុននេះ Sony និង Honda បានប្រកាសពីការសហការគ្នា ទៅលើមុខជំនួញវិស័យរថយន្តអគ្គិសនី ដែលក្នុងនោះគឺរួមទាំងលើផ្នែកឌីហ្សាញ ការផលិតរថយន្ត ក៏ដូចជាការដាក់លក់ជាដើម។ ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនទាំងពីរបានព្រមព្រៀងបន្ថែមទៀត ក្នុងការដាក់ឈ្មោះឲ្យមុខជំនួញថ្មីនោះហើយ។

ឈ្មោះមុខជំនួញថ្មីរវាង Sony និង Honda នោះគឺត្រូវបានគេដាក់ថា Sony Honda Mobility Inc. ហើយនឹងត្រូវដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងទីក្រុង Tokyo ចាប់ពីចុងឆ្នាំ 2022 នេះតទៅ។ គម្រោងក្នុងការដាក់លក់រថយន្តអគ្គិសនីដំបូងរបស់គេ គឺត្រូវបានកំណត់ចាប់ផ្តើមពីឆ្នាំ 2025 ទៅផងដែរ។

ក្រុមហ៊ុនម្ខាងៗកាន់កាប់ភាគហ៊ុនក្នុង Sony Honda Mobility Inc. 50% ម្នាក់ ហើយក្នុងនោះដែរ ប្រធានរបស់ Honda លោក Yasuhide Mizuno ត្រូវបានតែងតាំងជា Chairman និង CEO ខណៈពេល Sony EVP លោក Izumi Kawanishi ត្រូវបានតែងជាប្រធាន និង COO។

តាមរយៈរបាយការណ៍កន្លងមក Honda នឹងប្រើប្រាស់បទពិសោធន៍ជាច្រើនឆ្នាំរបស់គេ មកធ្វើការពង្រឹងលើការផលិតរថយន្ត និងស្វែងរកទីផ្សារឲ្យម៉ាករថយន្ដអគ្គិសនីថ្មីនេះ។ ចំណែកឯ Sony ខិតខំផ្ដោតទៅលើផ្នែកសេនស័រកាមេរ៉ា, ប្រព័ន្ធទំនាក់ទំនង សេវាទូរគមនាគមន៍ និងផ្នែកកម្សាន្ដផ្សេងៗក្នុងរថយន្តជាដើម។

ប្រភព ៖ Sony
អត្ថបទទាក់ទង