ការឌីហ្សាញផ្នែកខាងក្រោយរបស់ Nothing Phone 1 ត្រូវបានបង្ហាញមុនចេញផ្លូវការ
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

កាលពីពេលប្រកាសចេញ Nothing OS កន្លងទៅ ក្រុមហ៊ុន Nothing បានប្រកាសប្រាប់ជាផ្លូវការថា ទូរសព្ទឆ្លាតរបស់គេ ដែលនឹងប្រកាសចេញនៅពេលអនាគតនោះ នឹងមានឈ្មោះជាផ្លូវការថា Nothing Phone 1។ ចំណែកថ្មីៗនេះវិញ Nothing បានបង្ហើបចំណុចសំខាន់មួយបន្ថែមទៀត នោះគឺការឌីហ្សាញខាងក្រោយរបស់ Phone 1 តែម្ដង។

មិនខុសទេ បើតាមរូបភាព Nothing បានចែករំលែកនៅតាមបណ្ដាញសង្គម Twitter បានឲ្យឃើញយ៉ាងច្បាស់តែម្ដង ពីការឌីហ្សាញខាងក្រោយរបស់ Nothing Phone 1 ជាក់ស្ដែងយើងឃើញថា ខ្នងក្រោយរបស់វាមានលក្ខណៈថ្លា អាចមើលឃើញដល់គ្រឿងក្នុងទូរសព្ទបាន។ ទូរសព្ទនេះមានកាមេរ៉ាពីរគ្រាប់ដាក់បញ្ឈរនៅខាងឆ្វេង ហើយចំណុចគួរឲ្យចាប់អារម្មណ៍នោះ គឺឃើញមានការគូសម៉ូតស្ទីលនៅជុំវិញកាមេរ៉ា ក៏ដូចជានៅលើផ្នែកផ្សេងៗទៀតផងដែរ។

បើតាមការបង្ហើបចេញពីលោក Carl Pei កន្លងទៅ ស្ទីលឆ្នូតៗនៅលើខ្នងក្រោយនោះ មិនមែនត្រឹមតែជាម៉ូតប៉ុណ្នោះទេ ប៉ុន្តែវាក៏អាចបញ្ចេញជាពន្លឺពណ៌សបានផងដែរ។ បន្ថែមពីនេះ Nothing Phone 1 នឹងមានបំពាក់មកជាមួយឈីបរបស់ Qualcomm, គាំទ្រមុខងារសាកថ្មឥតខ្សែ ក៏ដូចជាដំណើរការដោយ Android ស្រោបពីលើដោយ Nothing OS ជាដើម។

Nothing Phone 1 នឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី 12 ខែកក្កដាខាងមុខនេះ ដូច្នេះសម្រាប់លក្ខណៈសម្បត្តិសំខាន់ៗលម្អិត ព្រមទាំងតម្លៃ នឹងបង្ហាញនាពេលនោះមិនខាន។

ប្រភព ៖ The Verge
អត្ថបទទាក់ទង