ទាំងនេះជាអ្វីដែលរំពឹងថាចេញក្នុងព្រឹត្តិការណ៍ WWDC 2022 របស់ Apple ចាប់ផ្តើមពីយប់នេះ
ដោយ​ ៖ ខេមបូរីផត | 2 ខែមុន SHARE

 

ព្រឹត្តិការណ៍ WWDC ប្រចាំឆ្នាំរបស់ Apple នឹងចាប់ផ្តើមធ្វើឡើងពីម៉ោង 12 យប់នេះទៅ គិតក្នុងប្រទេសយើង រហូតដល់ថ្ងៃទី 10 ខែមិថុនាខាងមុខ ហើយនៅក្នុងព្រឹត្តិការណ៍នោះ គឺមានភាគរយដែលគេនឹងប្រកាសចេញ Software សំខាន់ថ្មីៗជាច្រើន បូករួមទាំងអាចនឹងមាន Hardware មួយចំនួនផងដែរ។

ដូច្នេះក្នុងអត្ថបទនេះ យើងនឹងទៅមើលទាំងអស់គ្នាពីអ្វីដែល Apple អាចនឹងប្រកាសចេញក្នុងព្រឹត្តិការណ៍ WWDC 2022៖

+ Software:

  • iOS 16៖ អាចមិនខុសពីរាល់ឆ្នាំទេ iOS ជំនាន់ថ្មី គឺមានសង្ឃឹមខ្ពស់ថា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ WWDC 2022 ហើយទន្ទឹមគ្នានេះដែរ ក៏មានការរំពឹងថា វាអាចនឹងទទួលបានការកែប្រែឲ្យប្លែកជាងមុន ទៅលើ Lock Screen, ពង្រឹងបន្ថែមលើ Notifications, មានការកែប្រែថ្មីទៅលើកម្មវិធីដើមរបស់ Apple ក៏ដូចជាអាចនឹងមានមុខងារថ្មីមួយចំនួន ដែលគេធ្វើឡើងមកទុកសម្រាប់ iPhone 14 Pro អាចរួមមានទាំងមុខងារ Always-on Display ផងដែរ។
  • iPadOS 16៖ ត្រូវបានគេរំពឹងថា នឹងត្រូវ Apple កែប្រែច្រើនទៅលើរបៀបប្រើប្រាស់ ជាក់ស្ដែងលើកនេះ វាអាចនឹងស្រដៀងគ្នាច្រើនទៅនឹងការប្រើប្រាស់ macOS ជាង iOS វិញ។
  • macOS 13៖ ក៏មានភាគរយខ្ពស់ក្នុងការបង្ហាញខ្លួនដូចគ្នា ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់ដំណឹងច្រើន ដែលដឹងពីការកែប្រែលើជំនាន់ថ្មីនេះទេ ជាក់ស្ដែងអ្វីដែលបានឮច្រើនគឺថា អាចនឹងត្រូវ Apple កែប្រែថ្មីច្រើន ទៅលើកម្មវិធីដើមរបស់ខ្លួន។
  • ក្រៅពីនេះ watchOS 9 ក៏ដូចជា tvOS 16 ជាដើមនោះ សុទ្ធតែមានសង្ឃឹមខ្ពស់ថា នឹងចេញក្នុងព្រឹត្តិការណ៍របស់ Apple គ្រាន់តែវាអាចនឹងមិនសូវមានការកែប្រែច្រើន ខុសពីជំនាន់មុនប៉ុន្មាននោះទេ។

+ Hardware:

  • MacBook Air៖ នេះជាផ្នែក Hardware ដែលមានភាគរយខ្ពស់បំផុត ក្នុងការបង្ហាញវត្តមានក្នុង WWDC 2022 ហើយបើតាមដំណឹងបែកធ្លាយកន្លងមក ក៏ដូចជាដំណឹងថ្មីៗកន្លងទៅ MacBook Air អាចនឹងទទួលបានការឌីហ្សាញថ្មីទាំងស្រុង ដោយលើកនេះអាចនឹងកាត់ទៅរក MacBook Pro 14 អ៊ីញច្រើន ហើយវាក៏អាចទទួលបានរន្ធសាកថ្ម MagSafe មកដែរ។
  • Mac Pro៖ បើអ្នកទាំងអស់គ្នាមិនទាន់ភ្លេចទេ គឺកាលពីព្រឹត្តិការណ៍ក្នុងខែមីនាកន្លងទៅ Apple បានបញ្ជាក់យ៉ាងច្បាស់ថា ការប្តូរមកប្រើឈីបផ្ទាល់ខ្លួនលើខ្សែស្រឡាយកុំព្យូទ័រ Mac របស់គេពី Intel ជិតបានពេញលេញទាំងស្រុងហើយ ជាក់ស្ដែងគឺនៅសល់តែ Mac Pro មួយទៀតប៉ុណ្ណោះ ដូច្នេះហើយការដាក់បង្ហាញ Mac Pro ក្នុងព្រឹត្តិការណ៍ WWDC ក៏ជារឿងដែលអាចទៅរួចដែរ។
  • ក្រៅពីនេះក៏ធ្លាប់មានដំណឹងបង្ហាញពីលទ្ធភាព ដែលឧបករណ៍ AR និង VR របស់ Apple ចេញមកដែរ ប៉ុន្តែបើតាមដំណឹងចុងក្រោយ គឺហាក់ដូចជាមានភាគរយមិនច្រើនទេក្នុងព្រឹត្តិការណ៍ WWDC នេះ ដោយ Apple អាចនឹងលើកទៅប្រកាសចេញក្នុងឆ្នាំក្រោយវិញ។

យ៉ាងណាក៏ដោយ ដើម្បីជាក់ច្បាស់ពីផលិតផលខាងលើ ក៏ដូចជាផលិតផ្សេងៗទៀតអាចនឹងចេញនោះ គឺយើងមានតែរង់ចាំមើលព្រឹត្តិការណ៍របស់ Apple ទាំងអស់គ្នាបន្តទៀត ដោយនឹងចាប់ផ្តើមពីយប់នេះទៅតែម្ដង។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង