Tech-Zone Group បានបើកសម្ភោធសាខាថ្មី Mi Home – Chhouk Meas ជាផ្លូវការ
ដោយ​ ៖ ប្រណិត | មួយខែមុន SHARE

 

កាលពីថ្ងៃសៅរ៍ទី 14 ខែឧសភា ឆ្នាំ 2022 នេះ ក្រុមហ៊ុន Tech-Zone Group ជាក្រុមហ៊ុនឈានមុខ ផ្នែកគ្រឿងអេឡិចត្រូនិច និងឧបករណ៍ឆ្លាតវៃ ជាច្រើនមុខរបស់ Xiaomi បានបើកសម្ភោធជាផ្លូវវការសាខាទី 8​ របស់ខ្លួន គឺ Mi Home – Chhouk Meas ដោយមានការសហការផ្ទាល់ជាមួយនឹងក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា។ សាខាទី 8 នេះមានទីតាំង ស្ថិតនៅបណ្តោយផ្លូវ 2011 (ទល់មុខ សាលា ប៊ែលធី ឈូកមាស) សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងព្រឹត្តិការណ៍សម្ភោធសាខាថ្មីនេះ ក៏មានវត្តមានចូលរួមដោយផ្ទាល់ពី លោក  ជូ ចិន្តា ស្ថាបនិកនិងជាអគ្គនាយករបស់ក្រុមហ៊ុន Tech-Zone Group សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយក៏មានការអញ្ជើញចូលរួម ជាកិត្តិយសដោយ លោក Peaker Gao ជានាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា ព្រមទាំង វត្តមានរបស់អស់លោកលោកស្រី ដែលជាភ្ញៀវកិត្តិយស ជា MI Fan និងដៃគូសហការរបស់ Xiaomi ចូលរួមជាច្រើនផងដែរ ។

នៅក្នុងព្រឹត្តិការណ៌នេះ ក៏មានពិធីកាត់ខ្សែបូរ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប ហើយឆ្លៀតនៅក្នុងឱកាសនោះ លោក ជូ ចិន្តា អគ្គនាយក ធិច ហ្សូន គ្រុប បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្បាយរីករាយ យ៉ាងខ្លាំងចំពោះវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមក្នុងកម្មវិធី បើកសម្ពោធជាផ្លូវការនេះ ហើយមានមោទនភាព ដែលបាននាំយកផលិតផលល្អ គុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ មកកាន់តំបន់ឈូក​មាស ដែលជាតំបន់មានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័ស នាប៉ុ​ន្មានឆ្នាំចុងក្រោយនេះ។

សូមជំរាបថា Tech-Zone Group គឺជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃក្នុងគេហដ្ឋាន និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ពី Xiaomi , Amazfit, IMILAB, KIESLECT និង 70mai។ ធិច ហ្សូន គ្រុប បានបង្កើតនៅខែ មេសា ឆ្នាំ 2015 ដោយ ស្ថាបនិក 5 នាក់។ មកដល់ពេលនេះគឺមាន 8 សាខាហើយ រួមមានដូចជា Tech-Zone គិរីរម្យ, Mi Home Santhormok,  Mi Home Stung Mean Chey, Mi Home Chbar Ampov, Mi Home CamKo, Mi Zone - Bokor , Tech-Zone Chamkar Doung និង Mi Home Chhouk Meas ហើយ ខែក្រោយនេះ  សាខាថ្មី មួយទៀត ក៏នឹងត្រូវ បើកសម្ពោធជាផ្លូវការដែរ ត្រូវជាសាខាទី 9 ស្ថិតនៅជាន់ទី ១​ ផ្សារទំនើប K Mall។

Mi Home Chhouk Meas ប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ ឆាប់រហ័ស និងងាយស្រួលបំផុតជូនដល់អតិថិជនទាំងអស់ក្នុងតំបន់នេះ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ Mi Home Chhouk Meas ​ក៏មានការលក់បញ្ចុះតំលៃពិសេសៗ លើមុខទំនិញជាច្រើនមុខ ជូនដល់អតិថិជនគ្រប់ៗគ្នាពីថ្ងៃ ១៤ ដល់ថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២២។ ក្នុងឱកាសនោះដែរលោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរ ដល់ Tech-Zone Group នៅក្នុងឱកាសបើកសម្ពោធផ្លូវការ សាខាថ្មីនេះផងដែរ។ 

លោកក៏បានថ្លែង អំណរអរគុណដល់ ធិច ហ្សូន គ្រុប ដែលជឿជាក់លើផលិតផល Xiaomi តាំងពីចាប់ផ្តើមអាជីវកម្មដំបូង រហូតដល់សព្វថ្ងៃនេះ។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀត ក្នុងការនាំមកនូវបច្ចេកវិទ្យា ដែលមានការច្នៃប្រឌិតថ្មីបំផុត សម្រាប់អ្នករាល់គ្នា ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ លោកបានថ្លែងអំណរគុណ ចំពោះអ្នកគាំទ្រ និងដៃគូរបស់យើង ដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំង ទៅលើក្រុមហ៊ុន និងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួន លើទីផ្សារអន្តរជាតិអស់រយៈពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយៈការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរសព្ទ និងផលិតផល Smart Home និងផលិតផលជាច្រើនទៀត ជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។

ប្រភព ៖ Tech-Zone Group
អត្ថបទទាក់ទង