Apple ត្រូវបានគេដឹងថា គ្រោងប្តូរចិត្តទៅប្រើរន្ធ USB-C លើ iPhone ចាប់ពីឆ្នាំក្រោយទៅ
ធ្លាប់មានព័ត៌មានមិនតិចនោះទេ និយាយទាក់ទងនឹងរន្ធ USB-C លើ iPhone ហើយរហូតមកទល់បច្ចុប្បន្ននេះ Apple នៅតែបន្តបំពាក់រន្ធសាកថ្មប្រភេទ Lightning ដដែល បើទោះជាផលិតផលផ្សេងៗទៀតរបស់គេដូចជា iPad ឬ MacBook ជាដើមនោះ សុទ្ធតែមានរន្ធ USB-C សម្រាប់សាកថ្មអស់ទៅហើយ។
ដោយឡែកបើយោងតាមការបង្ហាញចេញពីសំណាក់ អ្នកចែករំលែកដំណឹងលេចធ្លាយល្បីឈ្មោះ Ming-Chi Kuo បានឲ្យដឹងថា Apple មានគម្រោងបោះបង់រន្ធសាកថ្ម Lightning និងប្តូរទៅប្រើប្រាស់ប្រភេទ USB-C វិញ ចាប់ពី iPhone ចេញក្នុងឆ្នាំ 2023 ទៅ ដែលត្រូវជា iPhone 15 នោះឯង។ ប្រភពខាងលើបន្ថែមថា រន្ធ USB-C ដែល Apple ប្រើប្រាស់នោះ នឹងបង្កើនល្បឿនផ្ទេរទិន្នន័យ ក៏ដូចជាជួយបង្កើនល្បឿនសាកថ្មផងដែរ។
មូលហេតុសំខាន់មួយ ដែលអាចឲ្យ Apple ផ្លាស់ប្តូរចិត្តទៅប្រើរន្ធ USB-C នោះ គឺអាចដោយសារតែការបង្ខំពីសហភាពអឺរ៉ុបហ្នឹងឯង ដោយគេព្យាយាមរឹតបណ្ដឹងឲ្យក្រុមហ៊ុនទូរសព្ទ ក៏ដូចជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចផ្សេងៗ ផ្លាស់ប្តូរទៅបំពាក់រន្ធ USB-C ទើបអាចដាក់លក់ផលិតផលនោះក្នុងទីផ្សារអឺរ៉ុបបាននាពេលអនាគត។