កាសក្តោប Sony WH-1000XM5 ចេញផ្លូវការហើយ ជាមួយរូបរាងថ្មី និងមុខងារទប់សម្លេងរំខានប្រសើរជាងមុន
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

មិនខុសពីការរំពឹងទុកឡើយ កាលពីយប់មិញនេះ Sony ពិតជាបានប្រកាសចេញកាសក្តោបឥតខ្សែលំដាប់កំពូលជំនាន់ថ្មីមកពិតមែន នោះគឺ WH-1000XM5 ហ្នឹងឯង។ កាសថ្មីនេះក៏មានការឌីហ្សាញរូបរាងថ្មីស្ទើរទាំងស្រុងដែរ ជាក់ស្ដែងលើកនេះវាមើលទៅមានលក្ខណៈលាតស្អាតជាងមុន ហើយមុខងារសំខាន់ៗក៏ត្រូវបានគេពង្រឹងបន្ថែមដូចគ្នា។

នៅលើកាសក្តោបជំនាន់ថ្មីនោះ Sony បានពង្រឹងបន្ថែមទៅលើមុខងារទប់សម្លេងរំខាន តាមរយៈការដាក់បន្ថែម Processor មួយទៀតទៅក្នុងកាសនោះ ហើយជាលទ្ធផល ក្រុមហ៊ុនគេអះអាងថា វាទប់សម្លេងរំខានដែលស្ថិតនៅកម្រិតប្រេកង់កណ្ដាល និងប្រកង់ខ្ពស់ បានកាន់តែប្រសើរ។ សម្លេងដែលស្ថិតក្នុងប្រេកង់បែបនេះ មានដូចជាសម្លេងនៅតាមផ្លូវ ក៏ដូចជាសម្លេងមនុស្សជាដើម។

ទៅលើគុណភាពសម្លេង លើកនេះ Sony WH-1000XM5 បានប្រើប្រាស់ Driver ទំហំ 30mm ជំនួសឲ្យ 40mm នៅលើ 1000XM4 វិញ ដោយក្រុមហ៊ុនគេអះអាងថា Driver ថ្មីនោះ នឹងជួយបង្កើននូវគុណភាពសម្លេង ឲ្យកាន់តែបែបធម្មជាតិជាងមុន ព្រមទាំងជួយឲ្យសម្លេងបញ្ចេញមកបានច្បាស់ ក៏ដូចជាមានសម្លេងបាសកាន់តែប្រសើរ។

ទន្ទឹមគ្នានេះ Sony ក៏បានបញ្ជាក់ដែរថា គុណភាពសម្លេងពេលខលផ្សេងៗនឹងកាន់តែប្រសើរជាងមុន តាមរយៈការបំពាក់ Microphone មកដល់ 4 គ្រាប់ ជាមួយមុខងារកាត់សម្លេងរំខាន AI Noise Reduction ផងដែរ។ មុខងារសំខាន់ៗផ្សេងទៀត ដែល 1000XM4 មាន ក៏បន្តមាននៅលើម៉ូឌែលថ្មីដូចគ្នា ហើយចំណុចពិសេសចុងក្រោយនោះ គឺលើកនេះវាអាចសាកថ្មចូលបានកាន់តែលឿនជាងមុន ដោយក្រុមហ៊ុនគេអះអាងថា សាក 3 នាទី អាចស្ដាប់តន្រ្តីបន្តបានដល់ 3 ម៉ោងទៀតផង។

សម្រាប់តម្លៃនៅលើ Sony WH-1000XM5 លើកនេះ គឺកាន់តែថ្លៃជាងមុនទៅទៀត ដោយត្រូវបានគេដាក់លក់ 400 ដុល្លារឯណោះ ខណៈម៉ូឌែល 1000XM4 វិញក៏គេនៅតែបន្តលក់ដូចគ្នាជាមួយតម្លៃដដែលខ្ទង់ 349 ដុល្លារដដែល។

ប្រភព ៖ The Verge
អត្ថបទទាក់ទង