ទាំងនេះជា Hardware សំខាន់ៗ ដែល Google ទើបប្រកាសចេញ
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ Google I/O យប់មិញនេះ Google បានប្រកាសចេញឧបករណ៍ Hardware ជំនាន់ថ្មីជាច្រើន ដែលក្នុងនោះគេក៏បង្ករការភ្ញាក់ផ្អើលមួយដែរ តាមរយៈការបញ្ចេញរូបរាងឌីហ្សាញរបស់ Pixel 7 Series ឲ្យឃើញជាមុនតែម្ដង។

Pixel 6A៖

យ៉ាងណាមុនទៅដល់ Pixel 7 យើងមកមើល Pixel 6A មុនសិន ដែលជាទូរសព្ទលំដាប់ថវិកាម៉ូឌែលថ្មីរបស់ Google មានបំពាក់មកជាមួយឈីប Google Tensor ដូចនៅលើម៉ូឌែល Pixel 6 និង 6 Pro ដែរ។ Pixel 6A មានអេក្រង់ទំហំ 6.1 អ៊ីញ កម្រិតបង្ហាញ 1080p ជាមួយល្បឿន Refresh Rate ត្រឹម​ 60Hz ធម្មតាប៉ុណ្ណោះ។ នៅខាងក្រោយវាមានកាមេរ៉ាពីរគ្រាប់ ដោយមួយជាលេនគោលទំហំ 12MP និងមួយជាលេនទូលាយ Ultrawide ទំហំ 12MP ដូចគ្នា ខណៈកាមេរ៉ាមុខមួយគ្រាប់នោះវិញមានទំហំ 8MP។

Pixel 6A ភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,400mAh ហើយវាមានជម្រើសតែមួយប៉ុណ្ណោះគឺ រ៉េម 6GB និងអង្គផ្ទុក 128GB។ Google នឹងចាប់ផ្តើមដាក់លក់ Pixel 6A ចាប់ពីថ្ងៃទី 28 ខែកក្កដាខាងមុខនេះទៅ ជាមួយតម្លៃ 449 ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Pixel Watch៖

មិនខុសពីដំណឹងលេចធ្លាយឡើយ Pixel Watch ក៏បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Google I/O កាលពីយប់មិញដែរ ប៉ុន្តែយ៉ាងណា Google គ្រាន់តែបង្ហើបប្រាប់បន្តិចសិនប៉ុណ្ណោះ ដោយគេនឹងបង្ហាញលម្អិតពីនាឡិកាឆ្លាតនេះ នៅក្នុងព្រឹត្តិការណ៍មួយទៀត នាចុងឆ្នាំ 2022 ខាងមុខ។ Pixel Watch មានការឌីហ្សាញផ្ទៃមុខរាងរង្វង់ និងមានគែមអេក្រង់កោងទាលដល់ស៊ុម Stainless Steel តែម្ដង។ សម្រាប់មុខងារសំខាន់ៗ ដែលយើងបានដឹងក្នុងពេលនេះគឺ Pixel Watch នឹងមានភ្ជាប់មកជាមួយការឌីហ្សាញ UI ក្នុង Wear OS កាន់តែប្រសើរជាងមុន ក៏ដូចជាមានមុខងារ Smart Notifications ជាដើម។

Pixel 7 និង Pixel 7 Pro៖

ឆ្នាំនេះ ដើម្បីជៀសវៀងការបែកធ្លាយច្រើន Google បានបង្ហាញពីការឌីហ្សាញរូបរាងរបស់ Pixel 7 Series ជាមុនតែម្ដង ដោយក្នុងនោះយើងឃើញថា វាមានការឌីហ្សាញស្រដៀងគ្នានឹង Pixel 6 Series ដែរ ប៉ុន្តែលើកនេះ Google បានច្នៃចាក់ពណ៌លើប្រអប់កាមេរ៉ាឲ្យមើលទៅប្លែកជាងមុន។ យោងតាមរូបភាពនោះ យើងអាចដឹងបានហើយថា Pixel 7 ធម្មតា នឹងបន្តប្រើប្រាស់កាមេរ៉ាក្រោយពីរគ្រាប់ដដែល ខណៈ Pixel 7 Pro បន្តបំពាក់មកចំនួន 3 គ្រាប់។ ទន្ទឹមគ្នានេះ វានឹងប្រើប្រាស់ឈីប Google Tensor ជំនាន់ថ្មី ក៏ដូចជាដំណើរការដោយ Android 13 មកស្រាប់តែម្ដង។

Pixel Buds Pro ថ្មីក៏ត្រូវបានប្រកាសចេញមកដែរ ដែលមានបំពាក់មុខងារទប់សម្លេងរំខាន, Transparency Mode និងត្រូវបានគេដាក់លក់ក្នុងតម្លៃ 199 ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រៅពីនេះ Google ក៏បានបង្ហើបពីផលិតផលអនាគតផ្សេងៗទៀតរបស់គេមកដូចគ្នា ដែលក្នុងនោះរួមមានទាំង Pixel Tablet នឹងបង្ហាញខ្លួនក្នុងឆ្នាំ 2023 ក៏ដូចជាមានវ៉ែនតាបកប្រែភាសា AR Translation Glasses ជាដើម។

ប្រភព ៖ Google
អត្ថបទទាក់ទង