Sony Xperia 1 IV ចេញជាផ្លូវការ ជាមួយលេនថត Optical Zoom ពិសេសជាងគេ
ដោយ​ ៖ ឡេង | 5 ថ្ងៃមុន SHARE

 

ទូរសព្ទលំដាប់កំពូល Xperia 1 IV ត្រូវបាន Sony ប្រកាសចេញជាផ្លូវការហើយ ដោយកាមេរ៉ារបស់វាកាន់តែមានសមត្ថភាពជាងមុន, ម៉ាយក្រូហ្វូនកាន់តែមានគុណភាពជាងមុន និងអេក្រង់កាន់តែល្អជាងមុន។ Sony នៅតែមិនបោះបង់ម៉ូតឌីហ្សាញនៅខាងក្រៅរបស់វា ជាមួយការផ្ដោតសំខាន់ទៅលើ ផ្នែកលក្ខណៈសម្បត្តិ និងមុខងារនៅខាងក្នុង ប៉ុន្ដែតម្លៃក៏ថ្លៃជាងមុនដូចគ្នា។

ការឌីហ្សាញ

រូបរាងរបស់ Xperia 1 IV ស៊េរីថ្មីនេះ គឺមិនសូវខុសប្លែកពីជំនាន់ច្រើននោះទេ ដោយងាយស្រួលចំណាំថាជាទូរសព្ទរបស់ Sony ហើយក៏មិនមានឆក ឬលេនទម្លុះអេក្រង់នោះទេ គ្រាន់តែនៅសល់គែមលើក្រោមដដែល។ វាក៏នៅមានរន្ធដោតកាស និងអាវការពារទឹកនិងធូលីកម្រិត IP68 ផងដែរ។ កញ្ចក់អេក្រង់ និងកញ្ចក់ខ្នងខាងក្រោយ ជាប្រភេទ Gorilla Glass Victus និងមានស៊ុមអាលុយមីញ៉ូម ជាមួយទម្ងន់ 185 ក្រាម។

កម្លាំងម៉ាស៊ីន

Sony ផ្ដល់ជូនបន្ទះឈីបកំពូល Qualcomm Snapdragon 8 Gen 1 (4 nm) បូករួមជាមួយនឹងរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 512GB ($1,599) ឬ 256GB ($1,399) សម្រាប់ឲ្យជ្រើសរើស។ អ្នកប្រើប្រាស់អាចបន្ថែម Micro SD Card ពីក្រៅទៀតបាន ដោយវាចែករំលែកជាមួយនឹងរន្ធដាក់ស៊ីម។ វាក៏មានភ្ជាប់មកជាមួយ NFC, ដំណើរការដោយ Android 12 ចេញពីប្រអប់ និងសេនស័រស្កេនម្រាមដៃនៅចំហៀងតួខ្លួន។

សេនស័រកាមេរ៉ា

កាមេរ៉ាខាងក្រោយរបស់ Xperia 1 IV មានចំនួន 3 គ្រាប់ ដោយរួមមានដូចជា លេនគោល 12MP 24mm F1.7 ទំហំ 1/1.7” ជាមួយ OIS + លេន Ultra-Wide 12MP 16mm F2.2 ទំហំ 1/2.5” + លេន Telephoto (Periscope-Style) 12MP 85-125mm F2.3-2.8 ទំហំ 1/3.5 ជាមួយ OIS + សេនស័រ 3D iToF ផងដែរ។ ពួកវាសុទ្ធតែអាចថត 4K 120FPS ក៏ដូចជាមុខងារ Real-time Eye Autofocus (AF) និង Real-time Tracking អាចចាប់សម្គាល់ផ្ទៃមុខ និងភ្នែកបានលឿន។

កាន់តែពិសេសទៀតនោះគឺថាលេន Telephoto នេះ វាអាចថតបែប Optical Zoom ឆ្លាសគ្នារវាងចម្ងាយ 85mm (x3.5) និង 125mm (x5.2) ហើយនៅរក្បាគុណភាពបាន ដោយមិនទាន់មាននៅលើទូរសព្ទផ្សេងនោះទេ។ ចំណែកឯកាមេរ៉ាខាងមុខវិញមានទំហំ 12MP ដូចគ្នា ហើយអាចថតវីដេអូ 4K HDR បាន។ ក្រៅពីនេះ Sony ក៏បានបញ្ជាក់ប្រាប់ថា ពួកគេក៏បានពង្រឹងលើផ្នែកម៉ាយក្រូហ្វូន ឲ្យស្រូបសំឡេងបានកាន់តែមានគុណភាពខ្ពស់បែប Professional Studio ថែមទៀតផង។

បន្ទះអេក្រង់

Sony បានលើកឡើងមកថា Xperia 1 IV មានបំពាក់អេក្រង់ OLED ដែលមានពន្លឺភ្លឺជាងមុនខ្ទង់ 50% ស្របនឹងពេលដែលអាចបង្ហាញគុណភាព 4K 120Hz ជាមួយខ្នាត 21:9 និងគាំទ្រ HDR ផងដែរ។ ក្រៅពីមានកម្រិត Refresh Rate ដល់ 120Hz ហើយ វាក៏អាចឆ្លើយតបការប៉ះបានលឿនដូចគ្នា ដោយមាន Touch Scanning Rate រហូតដល់ 240Hz ឯណោះ។ វាក៏មានបាសបំពងសំឡេងចំនួន 2 គ្រាប់ប្រភេទ Stereo Speakers និងត្រូវបានកែសម្រួលសំឡេងដោយ Sony Music Entertainment ផ្ទាល់តែម្ដង។

ថាមពលថ្ម

លើកនេះផងដែរ Sony ផ្ដល់ជូនថាមពលថ្មរហូតដល់ទៅ 5,000mAh គាំទ្រសាកថ្មឥតខ្សែ Fast Wireless Charging, Reverse Wireless Charging, USB Power Delivery ជាមួយសមត្ថភាពអាចបញ្ចូលពី 0% ដល់ 50% ក្នុងរយៈពេលកន្លះម៉ោង តាមរយៈកម្លាំងសាក 30W របស់វា។ គួរឲ្យសោកស្ដាយនោះគឺថា Sony ក៏បានសម្រេចចិត្តដកទាំងដុំសាក ​និងខ្សែសាកតែម្ដង ដោយនៅក្នុងប្រអប់នឹងមានភ្ជាប់មកជាមួយ Xperia 1 IV មួយគ្រឿងប៉ុណ្ណោះ។

អ៊ីចឹង ប្រសិនបើ Sony ដាក់លក់ Xperia 1 IV នេះនៅក្នុងតម្លៃខ្ទង់ 1,599 ដុល្លារ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2022 តទៅ (រយៈពេលជិត 4 ខែទៀត) ដូច្នេះនៅពេលមកដល់ប្រទេសយើង នឹងអាចថ្លៃលើសនេះទៀតជាក់ជាមិនខាន។ ចុះអ្នកទាំងអស់គ្នាវិញ តើយល់យ៉ាងណាដែរ ចំពោះ Sony Xperia 1 IV ស៊េរីថ្មីនេះ?

ប្រភព ៖ SONY
អត្ថបទទាក់ទង