Samsung អាចនឹងដាក់ឲ្យ Galaxy Z Fold4 និង Z Flip4 គាំទ្រកម្លាំងសាកត្រឹម 25W ដដែល
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្ដាហ៍មុន SHARE

 

ជិតមួយឆ្នាំហើយដែល Samsung បានប្រកាសចេញ Galaxy Z Fold3 និង Z Flip3 ជាផ្លូវការ ដូច្នេះមានន័យថា ម៉ូឌែលថ្មីដែលចូលជំនួសដំណែងវាទាំងពីរនេះ ក៏កាន់តែជិតនឹងបង្ហាញខ្លួនដែរ ជាក់ស្ដែងអាចជា Galaxy Z Fold4 និង Z Flip4 នោះឯង។ យ៉ាងណាមុនដល់ពេលពួកវាបង្ហាញខ្លួន ថ្មីៗនេះយើងទទួលបានដំណឹងលេចធ្លាយមួយ បង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន របស់ទូរសព្ទអេក្រង់បត់ជំនាន់ក្រោយនេះ។

យោងតាមការបែកធ្លាយចេញពីវិញ្ញាបនបត្រ 3C បានឲ្យដឹងថា Galaxy Z Fold4 មានកូដម៉ូឌែល SM-F9360 និង Galaxy Z Flip4 មានកូដម៉ូឌែល SM-F7210 អាចនឹងបន្តគាំទ្រកម្លាំងសាកខ្ពស់បំផុតបានត្រឹម 25W ដដែល។ នេះជាដំណឹងគួរឲ្យខកចិត្តមួយដែរ បើសិនជា Samsung ធ្វើបែបនេះមែន ព្រោះថា Galaxy S22+ និង Galaxy S22 Ultra បច្ចុប្បន្ន ក៏គាំទ្រកម្លាំងសាកបានដល់ 45W ដែរ។

គួរបញ្ជាក់ថា Galaxy Z Fold4 អាចនឹងបំពាក់ថាមពលថ្មមកទំហំ 4,400mAh មិនខុសពីជំនាន់មុនឡើយ ហើយវាក៏ទំនងជានៅតែមិនមានកន្លែងដាក់ប៊ិក S Pen ដូច Galaxy S22 Ultra ដដែល។ សម្រាប់កាមេរ៉ា វាត្រូវបានគេរំពឹងខ្ពស់ថា នឹងខ្ចីកាមេរ៉ា 3 របស់ Galaxy S22 Ultra មក​ ដែលរួមមានលេន Telephoto 3X Zoom, លេនទូលាយ Ultrawide 12MP និងមួយទៀតជាលេនគោលទំហំ 108MP នោះឯង។

ប្រភព ៖ GSMarena
អត្ថបទទាក់ទង