Apple ចុះប៉ាតង់ឲ្យមុខងារបើកបររថយន្ដ ដោយគ្រាន់តែនិយាយបញ្ជាទៅកាន់ Siri
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

ទោះបីជា Apple ព្យាយាមបដិសេធរាល់ដំណឹងថា ពួកគេកំពុងសិក្សាលើការផលិតយានយន្ដក៏ដោយ ប៉ុន្ដែនៅតែមានភស្តុតាង និងរបាយការណ៍ចុះផ្សាយមក ជាបន្ដបន្ទាប់ដដែល។ ដោយកាលពីដើមឆ្នាំ 2022 នេះ Apple បានធ្វើការចុះប៉ាតង់ថ្មីមួយ មានទាក់ទងទៅនឹង យានជំនិះបើកបរដោយស្វ័យប្រវត្តិ ដោយស្ដាប់តាមរលកសញ្ញាផ្ដល់ឲ្យ ថែមទៀតផង។

ហេតុដូច្នេះហើយ នេះគឺមានន័យថា ការបញ្ជាឲ្យរថយន្ដបើកបរ ដោយគ្រាន់តែប្រើសំឡេង និងការនិយាយបញ្ជារបស់អ្នកជិះប៉ុណ្ណោះ។ ហាក់បីដូចជា នៅក្នុងខ្សែភាពយន្ដ ដែលបង្ហាញពីអនាគតអ៊ីចឹងដែរ ដោយគ្រាន់តែនិយាយប្រាប់ជំនួយការឌីជីថល Siri នោះវានឹងអាចនាំអ្នកដំណើរ ទៅកាន់ទិសដៅបានតែម្ដង។ ជាការពិតណាស់ Apple នៅត្រូវការពេលដើម្បីពង្រឹង Siri ឲ្យកាន់តែល្អប្រសើរសិន ទើបអាចប្រើទៅបញ្ជារថយន្ដបាន។ ខណៈពេលដែល អ្នកប្រើប្រាស់មួយចំនួន នៅតែជួបបញ្ហា Siri មិនសូវចាប់សំឡេងនិយាយបានល្អ ហើយបញ្ជាមុខងារខុសពីការនិយាយប្រាប់ ជាដើម។

មួយវិញទៀត ប្រសិនបើរថយន្ដកាន់តែច្រើន អាចបើកបរដោយស្វ័យប្រវត្តិបានមែននោះ ដូចនេះពួកវាក៏អាចជួយដល់ចរាចរណ៍បានផងដែរ ដោយលែងសូវមានការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ទៀតឡើយ ព្រោះប្រព័ន្ធ AI ទាំងអស់ អាចសហការឲ្យព្រមគ្នា នឹងជួយគណនាទិសដៅរៀងៗខ្លួនរួចជាស្រេច។

ដើម្បីចូលទៅកាន់វេបសាយបង្ហាញពីប៉ាតង់ថ្មីរបស់ Apple សូមចុចទីនេះ

ចំពោះដំណឹងបន្ថែមពីរថយន្ដរបស់ Apple វិញ គឺវាមិនអាចនឹងបង្ហាញខ្លួនដំបូង នៅក្នុងពេលឆាប់ៗនេះឡើយ ដោយអាចពីចន្លោះឆ្នាំ 2024 ដល់ 2027 ឯណោះ។ យ៉ាងណាមិញ ក៏មានរបាយការណ៍ថា Apple កំពុងតែសិក្សាលើរថយន្ដនេះជាសកម្មតែម្ដង ជាមួយនឹងបុគ្គលិករាប់រយនាក់ ក្នុងពេលបច្ចុប្បន្ននេះ។

ប្រភព ៖ USPTO
អត្ថបទទាក់ទង