OnePlus Nord 2T ប្រទះឃើញមានការឌីហ្សាញឡើងវិញ ត្រង់ផ្នែកកាមេរ៉ាខាងក្រោយ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

បើយោងទៅតាមរូបភាពលេចធ្លាយថ្មីៗនេះ គឺបានចង្អុលបង្ហាញឲ្យឃើញថា OnePlus នឹងធ្វើការកែច្នៃការឌីហ្សាញ នៃផ្នែកកាមេរ៉ាខាងក្រោយ របស់ម៉ូឌែល Nord 2T ផងដែរ។ ដោយឡែក ក្រៅពីកន្លែងនេះទៀត OnePlus Nord 2T ហាក់បីដូចជា មានរូបរាងស្រដៀងគ្នាទៅនឹង Nord 2 ច្រើនមែនទែន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ប្រាកដជារង្វង់ភ្លើង Flash ចំនួន 2 ដែលមិនសូវធ្លាប់ឃើញមានពីមុនមក និងរួមមានកាមេរ៉ាសរុបចំនួន 3 គ្រាប់ ស្ថិតនៅក្នុងរង្វង់ទំហំធំទាំង 2 នោះ។ សម្រាប់ផ្នែកអេក្រង់ខាងមុខវិញ វាមានកាមេរ៉ា Selfie ជាលេនទម្លុះអេក្រង់ដូច Nord 2 ដដែល និងមានគែមខ្លីគួរសម បូករួមទាំងចង្កាខាងក្រោម។ វាក៏ទំនងជាមានជម្រើសពណ៌ចំនួន 2 សម្រាប់ឲ្យជ្រើសរើស ដូចជាពណ៌ខ្មៅ និងពណ៌បៃតង។

របាយការណ៍បែកធ្លាយពីមុនៗមក បានលើកឡើងមកថា OnePlus Nord 2T នឹង​បំពាក់​នូវឈីប Dimensity 1300 របស់ MediaTek ភ្ជាប់​មកជាមួយរ៉េម 8GB និង​អង្គ​ផ្ទុក 256GB។ វាក៏អាចបំពាក់នូវកាមេរ៉ាគោល 50MP Sony IMX766 បូករួមជាមួយកាមេរ៉ា Ultra-Wide ទំហំ 8MP និងទំហំ 2MP ជាសេនស័រថតរូបសខ្មៅ រីឯកាមេរ៉ាទំហំ 32MP វិញ សម្រាប់កាមេរ៉ាខាងមុខ។ ថាមពលថ្មទំហំ 4,500mAh កម្លាំង 80W ហើយប្រើប្រាស់ OxygenOS 12 ដោយផ្អែកលើ Android 12 ចេញពីប្រអប់។

អ្នកគាំទ្រដែលកំពុងតែរង់ចាំទាំងអស់ អាចរំពឹងទុកបានថា OnePlus Nord 2T នឹងចេញជាផ្លូវការនៅអំឡុងខែឧសភា ឆ្នាំ 2022 នេះហើយ។ ចំណែកឯតម្លៃរបស់វាវិញ នោះគឺអាចស្ថិតនៅក្នុងចំណោមទូរសព្ទលំដាប់មធ្យម (ខ្ទង់ 400 ទៅ 500 ដុល្លារ) ដែលកំពុងដាក់លក់លើទីផ្សារបច្ចុប្បន្ននេះដូចគ្នា។

ប្រភព ៖ Weibo
អត្ថបទទាក់ទង