iPad និងកុំព្យូទ័រ Mac នៅតែបន្តនាំមុខគេក្នុងទីផ្សារអំឡុងត្រីមាសទី 1 ឆ្នាំ 2022
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្ដាហ៍មុន SHARE

 

ប៉ុន្មានថ្ងៃមុន ក្រុមអ្នកព្យាករណ៍ និងស្រាវជ្រាវលើទីផ្សារគ្រឿងអេឡិចត្រូនិច Canalys បានបង្ហាញពីលទ្ធផលទីផ្សារទូរសព្ទឆ្លាត កាលពីអំឡុងត្រីមាសទី 1 ឆ្នាំ 2022 កន្លងទៅ ដោយក្នុងនោះឃើញថា Apple ជាក្រុមហ៊ុនតែមួយគត់ ដែលមានចំនួននាំចេញទូរសព្ទឆ្លាតកើនឡើង។ ដោយឡែកក្នុងពេលនេះវិញ គេបានបង្ហាញពីលទ្ធផលក្នុងទីផ្សារកុំព្យូទ័រ រួមបញ្ចូលទាំងថេប្លេតវិញម្ដង។

មិនខុសទេ យោងតាមប្រភពខាងលើ ទីផ្សារកុំព្យូទ័រគិតបញ្ចូលទាំងថេប្លេតក្នុងត្រីមាស 1 កន្លងទៅនេះនោះគឺ Apple នៅតែបន្តឈានមុខគេដដែល ដែលនាំចេញបានសរុបខ្ទង់ 22.3 លានគ្រឿង កើនឡើង 1% បើធៀបនឹងឆ្នាំមុន។ Lenovo ឈរនៅលេខនាំចេញបានសរុបខ្ទង់ 21.1 លានគ្រឿង ឃើញថាថយចុះប្រមាណជាខ្ទង់ 12% ឯណោះ ធៀបនឹងឆ្នាំមុន។

HP, Dell និង Samsung ជាក្រុមហ៊ុនឈរនៅលំដាប់បន្តបន្ទាប់ ក្នុងនាមជាអ្នកនាំចេញកុំព្យូទ័រ និងថេប្លេតបានច្រើនជាងគេ ហើយក្នុងនោះ Dell សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍មួយ ដោយមានចំនួននាំចេញកើនឡើងដល់ 8% ខណៈក្រុមហ៊ុនជាច្រើនផ្សេងទៀតបានធ្លាក់ចុះ។

យ៉ាងណាបើគិតសរុបក្នុងទីផ្សារ PC ទាំងមូល (រួមបញ្ចូលទាំងកុំព្យូទ័រ និងថេប្លេត) គឺមានការធ្លាក់ចុះប្រមាណជាខ្ទង់ 3% ធៀបនឹងត្រីមាសទីមួយឆ្នាំមុន ជាក់ស្ដែងថយពីការនាំចេញបានខ្ទង់ 122 លានគ្រឿង​ មកនៅត្រឹមខ្ទង់ 118 លានគ្រឿងវិញ។

បើគិតតែលើទីផ្សារថេប្លេតវិញ iPad នៅតែបន្តឈានមុខគេ ប៉ុន្តែចំនួនដែលនាំចេញបានសរុបគឺថយចុះខ្ទង់ 2% មកនៅត្រឹម 14.9 លានគ្រឿង។ Samsung ឈរនៅលេខពីរ បើគិតតែទីផ្សារមួយនេះ ហើយចំនួននាំចេញសរុប ឃើញថាថយចុះខ្ទង់ 2% ដូច Apple ដែរ។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង