កុំព្យូទ័រយួរដៃមានអេក្រង់ OLED ល្បឿន Refresh Rate 240Hz ដំបូងគេបំផុតចេញហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្ដាហ៍មុន SHARE

 

ថ្មីៗនេះ Razer បានប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួនមកជាផ្លូវការហើយ ដោយមានជម្រើសជាច្រើនម៉ូឌែល ប៉ុន្តែនៅក្នុងនោះក៏ឃើញមានម៉ូឌែល Blade 15 ថ្មីមកដែរ។ អ្វីដែលពិសេសនៅលើ Razer Blade 15 ថ្មីនោះ គឺវាបានបំពាក់មកជាមួយអេក្រង់ OLED ជាមួយល្បឿន Refresh Rate ខ្ពស់បំផុតដំបូងគេតែម្ដង។

មិនខុសទេ Razer Blade 15 ថ្មី បានបំពាក់មកជាមួយអេក្រង់ OLED ទំហំ 15.6 អ៊ីញ កម្រិតបង្ហាញ QHD ជាមួយនឹងល្បឿន Refresh Rate ដល់ទៅ 240Hz តែម្ដង នេះជាលើកទីមួយហើយ ដែលឃើញអេក្រង់បែបនេះលើកុំព្យូទ័រយួរដៃ។ អេក្រង់នេះក៏គាំទ្រការបង្ហាញទឹកពណ៌ DCI-P3 បានពេញលេញ និងមានកម្រិត Response Time ទាបត្រឹមតែ 1ms ប៉ុណ្ណោះ ព្រមទាំងមានកម្រិតពន្លឺឡើងបានខ្ទង់ 400 nits។

សម្រាប់កម្លាំងម៉ាស៊ីន Blade 15 ប្រើប្រាស់ CPU Core i9-12900H របស់ Intel ជាមួយគ្នានឹងក្រាហ្វិកកាតប្រភេទ RTX 3070 Ti តែម្ដង។ ទន្ទឹមគ្នានេះ វាក៏មានរ៉េមទំហំ 32GB ជាប្រភេទ DDR5 រួមទាំងអង្គផ្ទុកទិន្នន័យជាប្រភេទ SSD ទំហំ 1TB ផងដែរ។ ចំពោះផត I/O វិញ Razer ដាក់មកឲ្យសម្បូរបែបដែរ រួមមានទាំងរន្ធ Thunderbolt 4, រន្ធ USB-C ធម្មតា, USB-A, HDMI ក៏ដូចជាមានរន្ធ SD Card មកដូចគ្នា។ ចុងក្រោយទៅមើលតម្លៃវិញ គឺប្រាកដណាស់ថាមិនទាបទេ ដោយ Razer បានដាក់លក់ខ្ទង់ 3,499 ដុល្លារ ហើយនឹងបង្ហាញវត្តមានលើទីផ្សារផ្លូវការ នៅអំឡុងត្រីមាសទី 4 ចុងឆ្នាំនេះ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង