Google ប្រាប់ឲ្យអាប់ដេត Chrome ឥឡូវនេះ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព
Chrome ជាកម្មវិធី Browser ដ៏ល្បីល្បាញជាងគេ ក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះហើយក៏ធ្វើឲ្យវាក្លាយទៅជា គោលដៅធំជាងគេមួយដែរ សម្រាប់ក្រុម Hackers ដើម្បីលួចតាមដាន ឬទិន្នន័យរបស់អ្នកប្រើប្រាស់។ ដោយកាលពីពេលថ្មីៗនេះ Google បានប្រកាសប្រាប់ឲ្យអ្នកទាំងអស់គ្នា ធ្វើការអាប់ដេតកម្មវិធី Chrome ទៅកាន់ជំនាន់ចុងក្រោយ ដែលត្រូវជាជំនាន់ 100.0.4896.127 (Official Build) តែម្ដង។
ក្រោយពីបានធ្វើការអាប់ដេតរួចហើយ អ្នកប្រើប្រាស់ទាំងអស់ នឹងអាចជៀសផុតពីបញ្ហាចន្លោះប្រហោង សរុបរហូតដល់ទៅ 30 កន្លែងឯណោះ ដែលអាចឲ្យជនអនាមិកចូលទៅលួចទិន្នន័យបាន។ ហាក់បីដូចជារាល់ដងអ៊ីចឹង ដោយ Google មិនបានបញ្ជាក់ប្រាប់ពីបញ្ហាជាក់លាក់ និងមូលហេតុបណ្ដាលឲ្យមានបញ្ហាទាំងនេះឡើយ ដោយគ្រាន់តែប្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការអាប់ដេត ដើម្បីជួសជុលបញ្ហាទាំងនោះប៉ុណ្ណោះ។ គួរបញ្ជាក់ផងថា នេះគឺសំដៅទៅលើកម្មវិធី Chrome នៅលើកុំព្យូទ័រ ប៉ុន្ដែបើបានអាប់ដេតទៅជំនាន់ចុងក្រោយ ឲ្យបានគ្រប់ឧបករណ៍ទាំងអស់ នោះគឺកាន់តែប្រសើរថែមមួយកម្រិតទៀតផងដែរ។
ប្រសិនបើអ្នកទាំងអស់គ្នា មិនទាន់បានអាប់ដេតនៅឡើយទេ គឺអាចចូលទៅកាន់ Settings > About Chrome > នោះវានឹងចាប់ផ្ដើមធ្វើការទាញយកកំណែអាប់ដេត > រួចចុចលើពាក្យ “Relaunch” ដើម្បីដំឡើងជាការស្រេច។