ហ្គេម Rules of Survival ប្រកាសបិទជាផ្លូវការនៅពេលខាងមុខនេះហើយ
ធ្លាប់តែជាហ្គេមល្បីល្បាញទូទាំងប្រទេសមួយ និងមានអ្នកលេងច្រើនលើសលុប ដោយឡែកនៅពេលចុងខែមិថុនាខាងមុខនេះ ហ្គេម Rules of Survival នឹងបិទឈប់ឲ្យលេងតទៅទៀតហើយ។ អ្នកគាំទ្រទាំងអស់នឹងនៅអាចបន្ដលេងបាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2022 ខាងមុខនេះផងដែរ។
កាលពីពេលថ្មីៗនេះ ផេកហ្វេសប៊ុកផ្លូវការ Rules of Survival ប្រចាំប្រទេសយើង បានធ្វើការប្រកាសសូមអភ័យទោស និងថ្លែងអំណរគុណ ទៅដល់អ្នកគាំទ្រហ្គេមរបស់គេទាំងអស់ អំពីដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ។ ហេតុដូច្នេះហើយ ចាប់ពីពេលនោះតទៅ អ្នកលេងនឹងលែងអាចចូលទៅលេងហ្គេម Rules of Survival បានទៀតនោះទេ។ ចំណែកឯទិន្នន័យតួអង្គក្នុងគណនីនីមួយៗ នឹងត្រូវបានលុបចោលទាំងអស់ដូចគ្នា។
យ៉ាងណាក៏ដោយ អ្នកលេងក៏នៅអាចដាក់ពាក្យ ធ្វើការស្នើសុំប្រាក់សំណង ចំពោះទឹកប្រាក់ក្នុងហ្គេមដែលនៅមិនទាន់បានប្រើទាំងឡាយ ចាប់ពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2022 រហូតដល់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2022 តែម្ដង។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបង្កើតហ្គេមមួយនេះ នៅមិនទាន់ប្រាប់ពីមូលហេតុ ដែលបណ្ដាលឲ្យបិទដំណើរការនៅឡើយទេ។
គួរឲ្យសោកស្ដាយផងដែរថា Rules of Survival ដែលធ្លាប់ជាហ្គេមដ៏ពេញនិយមមួយ ប៉ុន្ដែបែរជាត្រូវជិតដល់ថ្ងៃបិទដំណើរការទៅវិញ។ សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នា អាចចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ Rules of Survival បាន។