រថយន្ត Tesla ជាមួយមុខងារបើកស្វ័យប្រវត្តិ បានទៅបុកយន្តហោះឯកជនតម្លៃខ្ទង់ 3.5 លានដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Reddit បានបង្ហោះវីដេអូមួយ បង្ហាញពីបញ្ហាដែលកើតមាននៅលើមុខងារបើកស្វ័យប្រវត្តិរបស់រថយន្ត Tesla Model Y មួយគ្រឿង ដោយបានបើកទៅបុខយន្តហោះឯកជន ដែលមានតម្លៃដល់ទៅខ្ទង់ 3.5 លានដុល្លារឯណោះ។

រថយន្ត Tesla Model Y ត្រូវបានអ្នកប្រើប្រាស់បញ្ជាឲ្យបើកបរស្វ័យប្រវត្តិតាមរយៈមុខងារ Smart Summon ដែលជាមុខងារមួយ អាចឲ្យម្ចាស់រថយន្តបញ្ជារថយន្តបានតាមរយៈទូរសព្ទ ដើម្បីឲ្យរថយន្ត Tesla នោះ បើកបរមកកាន់តែទីតាំងម្ចាស់របស់វាដោយស្វ័យប្រវត្តិ ក្នុងអំឡុងរយៈចម្ងាយខ្ទង់ 60 ម៉ែត្រពីរថយន្ត។ តែបើតាមវីដេអូដែលគេបង្ហោះ (ចុចត្រង់នេះ ដើម្បីទៅមើលវីដេអូ) គឺលើកនេះមុខងារខាងលើដំណើរការមិនបានល្អទេ ដោយរថយន្ត Tesla Model Y បានបើកស្វ័យប្រវត្តិទៅបុកជាមួយយន្តហោះឯកជនម៉ាក Cirrus Vision Jet ដែលកំពុងចតស្ងៀម ចំពីចំហៀងខាងក្រោយតែម្ដង។

យ៉ាងណាព័ត៌មានលម្អិតផ្សេងទៀត ទាក់ទងនឹងការប៉ះទង្គិចខាងលើ គឺអ្នកបង្ហោះវីដេអូមិនទាន់បានប្រាប់បន្ថែមនោះទេ។ មុខងារ Smart Summon ត្រូវបាន Tesla ដាក់ចេញឲ្យប្រើប្រាស់ដំបូងកាលពីអំឡុងឆ្នាំ 2019 ហើយចាប់តាំងពីពេលចេញមក CEO របស់ Tesla ពោលគឺលោក Elon Musk ធ្លាប់បានបង្ហាញថា នេះជាមុខងារមួយដែលផ្ទុះការចាប់អារម្មណ៍ច្រើនបំផុតប្រចាំរថយន្តរបស់គេ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង