Lexus ទើបដាក់បង្ហាញរថយន្តអគ្គិសនី RZ 450e របស់ខ្លួនជាផ្លូវការ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ថ្មីៗនេះ​ Lexus បានបញ្ចេញរថយន្តអគ្គិសនី SUV របស់ខ្លួនមកជាផ្លូវការហើយ ត្រូវបានគេដាក់ឈ្មោះថា RZ 450e ជាម៉ូឌែលមួយ ដែលក្រុមហ៊ុននេះមានគម្រោងផលិត និងដាក់លក់នាពេលអនាគត មិនមែនគ្រាន់តែជាម៉ូឌែលគំរូប៉ុណ្ណោះទេ។ សម្រាប់ការឌីហ្សាញ RZ 450e មានលក្ខណៈស្រដៀងគ្នាច្រើនទៅនឹង BZ4X ដែល Toyota ដាក់បង្ហាញកន្លងទៅដែរ។

នៅខាងក្នុងរបស់ RZ 450e ត្រូវបានគេឌីហ្សាញឲ្យមើលទៅប្រណីត និងទំនើប ដែលមានអេក្រង់ Touchscreen ទំហំ 14 អ៊ីញ ជាមួយដំបូលប្រភេទ Panoramic Sunroof មានកញ្ចក់លាតពីកៅអីខាងមុខ រហូតដល់ខាងក្រោយតែម្ដង។ សម្រាប់ចង្កូតរថយន្តអគ្គិសនីនេះ គឺមានជម្រើសពីរប្រភេទសម្រាប់អ្នកប្រើប្រាស់មួយជាប្រភេទបែប Yoke ស្រដៀងរថយន្ត Tesla Model S និង X ជំនាន់ថ្មី ប៉ុន្តែ Lexus ផ្តល់ជម្រើសប្រភេទចង្កូតរង្វង់ពេញធម្មតាមួយមកទៀត ដែលជាជម្រើសដើមមានភ្ជាប់មកស្រាប់តែម្ដងដែរ។

RZ 450e ជារថយន្តអគ្គិសនីដំបូងរបស់ Lexus មានភ្ជាប់មកជាមួយ Direct4 ដែលជាប្រព័ន្ធបើកបរ All-wheel-drive របស់ក្រុមហ៊ុននេះ ជួយឲ្យរថយន្តទទួលបានល្បឿនស្ទុះចាប់ផ្តើមកាន់តែលឿន, ទប់លំនឹងបានប្រសើរ និងប្រើប្រាស់ថាមពលតិចផងដែរ។ រថយន្តនេះបានភ្ជាប់មកជាមួយថាមពលថ្មទំហំ 71.4kWh ត្រូវបាន Lexus សន្យាថា នឹងអាចធ្វើដំណើរបានខ្ទង់ 362km ក្នុងការសាកមួយពេញ។

យ៉ាងណាក៏ដោយ សម្រាប់តម្លៃរបស់ RZ 450e នៅមិនទាន់ត្រូវបានក្រុមហ៊ុនគេប្រកាសប្រាប់នោះទេ ប៉ុន្តែគេគ្រោងនឹងដាក់លក់រថយន្តនេះជាផ្លូវការនៅអំឡុងចុងឆ្នាំ 2023 ខាងមុខនេះ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង