កប៉ាល់ដឹករថយន្ដទំនើបៗត្រូវបានឆាបឆេះ នៅកណ្តាលមហាសមុទ្រអាត្លង់ទិច
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ កប៉ាល់មួយត្រូវបានគេប្រទះឃើញឆាបឆេះ នៅកណ្តាលមហាសមុទ្រអាត្លង់ទិច ដោយមានដឹកជញ្ជូនរថយន្ដទំនើបៗជាច្រើន ថែមទៀតផង។ រថយន្ដទំនើបៗទាំងអស់នោះ ត្រូវបានគេរាយការណ៍មកថា គឺរួមមានដូចជារថយន្ដម៉ាក Volkswagen AG ព្រមទាំង Porsche, Audi, Lamborghinis និង Bentleys ជាដើម។

កប៉ាល់នោះគឺមានឈ្មោះហៅថា Felicity Ace ហើយប្រទះឃើញកំពុងឆាបឆេះដោយ កងទ័ពជើងទឹកព័រទុយហ្គាល់ និងមានសមាជិកនាវិកចំនួន 22 នាក់កំពុងនៅលើនោះ ប៉ុន្ដែពួកគេត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ បើយោងទៅតាមកាលបរិច្ឆេទនៅរូបភាពខាងលើ គឺបានចង្អុលបង្ហាញថា ហេតុការណ៍កើតឡើងនៅថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2022 កន្លងទៅនេះ រវលាម៉ោង 3 រសៀល។

សម្រាប់រថយន្ដច្រើនគ្រឿងបំផុតរហូតដល់ទៅ 3,965 គ្រឿង គឺសុទ្ធតែជារបស់ Volkswagen AG ខណៈពេលដែលមួយចំនួនទៀត ជារបស់ Porsche, Audi, Lamborghinis និង Bentleys ផងដែរ។ នាពេលបច្ចុប្បន្ននេះ នៅមិនទាន់ដឹងពី មូលហេតុបណ្ដាលឲ្យវាឆេះនៅឡើយទេ និងគ្មានសង្ឃឹមថា អាចយករថយន្ដមកវិញបាននោះដែរ។

ការដឹកជញ្ជូនគឺចាប់ផ្ដើមពីទីក្រុង Emden នៅប្រទេសអាល្លឺម៉ង់ ទៅកាន់កំពង់ផែ Davisville ក្នុងរដ្ឋ Rhode Island សហរដ្ឋអាមេរិក ប៉ុន្ដែបែរជាជួបបញ្ហាដ៏អាក្រក់នេះទៅវិញ។ ចំណែកឯការបាត់បង់នេះ នឹងមិនក្រោមទឹកប្រាក់រាប់រយលានដុល្លារនោះទេ ព្រោះសុទ្ធតែជារថយន្ដម៉ាកទំនើបៗបែបនេះ។

ប្រភព ៖ CNN
អត្ថបទទាក់ទង