មកមើល Ford Bronco Raptor ស៊េរីឆ្នាំ 2022 ថ្មីទើបត្រូវបាន Ford ប្រកាសចេញផ្លូវការ
ដោយ​ ៖ ខេមបូរីផត | 5 ខែមុន SHARE

 

បើកឆាកដើមឆ្នាំ 2022 ជិតបានមួយខែ Ford បានប្រកាសចេញរថយន្ត SUV សម្រាប់ Off-Road ស្ថិតក្នុងត្រកូល Bronco ម៉ូឌែលថ្មីមួយទៀត ត្រូវបានគេហៅថា Bronco Raptor ហើយម៉ូឌែលនេះដែរ វាទទួលបានការបំពាក់បន្ថែម ក៏ដូចជាការកែតម្រូវលើចំណុចសំខាន់ៗជាច្រើន កាន់តែប្រសើរជាង Ford Bronco ធម្មតាថែមទៀត។

គិតមកត្រឹមពេលនេះ Ford បានអះអាងថា Bronco Raptor ជារថយន្តត្រកូល Bronco ដែលមានសមត្ថភាពខ្ពស់ជាងគេបំផុតហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ការឌីហ្សាញរូបរាងមួយជុំតួខ្លួន យើងឃើញថាវាស្រដៀងគ្នានឹង Bronco ធម្មតាដែរ ប៉ុន្តែមានកែប្រែទៅលើចំណុចសំខាន់មួយចំនួន ហើយ Ford ផ្ទាល់ប្រាប់ថា លើកនេះគេបានឌីហ្សាញឡើងមកធ្វើឲ្យ Bronco Raptor មានកម្ពស់ខ្ពស់ជាងមុន, រឹងមាំជាងមុន និងធ្វើដំណើរទៅមុខបានច្រើនស្ថានភាពជាងរថយន្ត SUV ធម្មតា។ 

Bronco Raptor មានកម្ពស់ខ្ពស់ជាងមុនខ្ទង់ 22cm ដោយសរុបទៅធ្វើកម្ពស់របស់វាឡើងដល់ 187cm ខណៈពេលដែលកម្ពស់រវាងបាតរថយន្តដល់ផ្ទៃដីវិញ ត្រូវបានបង្កើនឲ្យខ្ពស់ជាងមុនខ្ទង់ 12cm ពោលគឺវាឡើងមកខ្ទង់ 33cm ផងដែរ។ កង់របស់វាមានទំហំ 94cm ជាមួយនឹងយ៉ាន់ទំហំ 17 អ៊ីញ ហើយបើមើលទៅលើផ្នែកម៉ាស៊ីន Ford បានបំពាក់ឲ្យមកនូវម៉ាស៊ីនចំណុះ 3.0L EcoBoost V6 ចំណែកកម្លាំងដែលម៉ាស៊ីននេះអាចផលិតបាន Ford មិនទាន់បញ្ជាក់ច្បាស់ទេ ប៉ុន្តែមានដំណឹងជាមុនមកថា មិនក្រោយ 400hp ឡើយ។

រថយន្តខាងលើក៏មកជាមួយនឹងបំពង់ស៊ីម៉ាំងភ្លោះ ដែលអាចឲ្យអ្នកបើកធ្វើការជ្រើសរើសប្រភេទសម្លេងបានរួមមាន Normal, Sport, Quiet និង Baja Modes។ Bronco Raptor ជាប្រភេទរថយន្តប្រើប្រាស់ប្រព័ន្ធដំណើរការវិលកង់ទាំង 4 ឬ 4x4 System ហើយលើកនេះមុខងារសំខាន់ៗដូចជា Trail Control, Trail Turns Assist, Ford Co-Pilot360, Pedestrian Detection, Forward Collision Warning, Dynamic Brake Support, Hill-start Assist, Blind Spot Warnings ជាមួយ Cross-traffic Alerts ក៏ដូចជា Lane-keeping Alerts និង Assistance ជាដើមនោះ សុទ្ធតែមកស្រាប់ជាស្ដង់ដារតែម្ដង។ ខណៈមុខងារ Adaptive Cruise Control និង Evasive Steering Assistance វិញ គឺស្ថិតក្នុងជម្រើសបន្ថែម។ 

មិនខុសពី Bronco លើកមុនទេ Bronco Raptor ក៏អនុញ្ញាតឲ្យអ្នកប្រើធ្វើការដោះដំបូល និងទ្វារចេញបាន ដើម្បីជួយឲ្យបទពិសោធន៍ Off-Road កាន់តែពិសេស ហើយលើកនេះជម្រើសទ្វារ 4 ជាជម្រើសទូទៅតែម្ដង មិនមានម៉ូឌែលទ្វារពីរដូចម៉ូឌែលធម្មតាទេ។ ចំណែកជម្រើសពណ៌ខាងក្រៅនោះ Ford ផ្តល់ឲ្យច្រើនជម្រើសមែនទែនរួមមាន Hot Pepper Red Metallic, Velocity Blue Metallic, Eruption Green Metallic, Shadow Black, Iconic Silver Metallic, Area 51, Cactus Gray, Cyber Orange Metallic Tri-Coat និង Oxford White ហើយក៏មាន Code Orange មួយទៀត តែសម្រាប់កញ្ចប់ Ford Performance-Exclusive មួយប៉ុណ្ណោះ។ 

នៅខាងក្នុងជាចំណុចពិសេសមួយសម្រាប់ Bronco Raptor ព្រោះបើទោះជារថយន្តបែប Off-Road មែន ប៉ុន្តែវាមានការឌីហ្សាញ និងបំពាក់បច្ចេកវិទ្យាទំនើបៗ ជាក់ស្ដែងដូចជាការបំពាក់អេក្រង់ Touchscreen ធំទំហំ 12 អ៊ីញ សម្រាប់ប្រើប្រាស់លើផ្នែក Infotainment System និងជាកន្លែងបង្ហាញឲ្យឃើញទិដ្ឋភាពថតចេញពីកាមេរ៉ា 360 ដឺក្រេ, មាន Speaker 7 គ្រាប់ជាមួយ Subwoofer ព្រមទាំងគាំទ្រ Apple CarPlay ក៏ដូចជា Android Auto ដោយឥតខ្សែទៀតផង។ បន្ថែមពីនេះ Ford ផ្តល់ជម្រើស បន្ថែមសម្រាប់អ្នកដែលគិតថា ចំណុចសំខាន់ៗខាងលើមិនទានគ្រប់គ្រាន់ ជាក់ស្ដែងមានជម្រើស Speaker 10 គ្រាប់ជាមួយប្រព័ន្ធសម្លេង B&O, មុខងារកម្តៅចង្កូត, Navigation, កន្លែងសាកថ្មឥតខ្សែ និងមុខងារ Adaptive Cruise ជាដើម។

ចុងក្រោយសម្រាប់ពេលវេលាចេញលក់ និងតម្លៃវិញ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក Ford នឹងដាក់ឲ្យកុម្ម៉ង់ចាប់ពីខែមីនាខាងមុខទៅ ជាមួយតម្លៃចាប់ផ្តើមឡើងពី 69,995 ដុល្លារ ហើយសម្រាប់ទីផ្សារផ្សេងៗទៀតនោះ ក្រុមហ៊ុនខាងលើមិនទាន់បានបញ្ជាក់ប្រាប់ទេ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង