តម្លៃទូរសព្ទកំពូល Android ចាប់ផ្តើមឡើងថ្លៃជាង iPhone នៅប៉ុន្មានឆ្នាំចុងក្រោយនេះ
ដោយ​ ៖ ខេមបូរីផត | 3 ខែមុន SHARE

 

ប៉ុន្មានឆ្នាំមុន Apple ជាក្រុមហ៊ុនមួយ ដែលអ្នកណាៗក៏ដឹងដែរថា ទូរសព្ទដែលគេដាក់លក់ចេញមក គឺមានតម្លៃថ្លៃជាងគេតែម្ដង បើធៀបនឹងទូរសព្ទកំពូល Android ផ្សេងៗលើទីផ្សារ ជាពិសេសកាលពីជំនាន់ iPhone X តែម្ដង ដោយតម្លៃនាពេលនោះ Apple ដាក់លក់ចាប់ផ្តើមឡើងដល់ 999 ដុល្លារ។

បើយើងងាកមកមើលតម្លៃទូរសព្ទកំពូលៗ ចេញពីយីហោធំៗនាពេលបច្ចុប្បន្នវិញ ឃើញថា iPhone ម៉ូឌែលខ្ពស់បំផុត បែរជាចាប់ផ្តើមមានតម្លៃទាបជាងទូរសព្ទកំពូលរបស់ Android វិញហើយ បើគិតទៅលើតម្លៃដើម ចេញពីក្រុមហ៊ុនគេផ្ទាល់ (មិនគិតលើតម្លៃប្រែប្រួលតាមប្រទេសនីមួយៗ)។ តាំងពី iPhone X មក តម្លៃចាប់ផ្តើមដែល Apple ដាក់លក់ គឺនៅថេរខ្ទង់ 999 ដុល្លារឡើងទៅ រហូតមកដល់ iPhone 13 Pro សព្វថ្ងៃនេះ។ ប៉ុន្តែបើយើងទៅមើលទូរសព្ទកំពូល Android ម៉ូឌែលខ្ពស់បំផុតវិញ ជាក់ស្ដែងឧទាហរណ៍ដូចជា Galaxy S21 Ultra ឬមួយក៏ OPPO Find X3 Pro ជាដើមនោះ កាលពីចេញដំបូងតម្លៃចាប់ផ្តើមរបស់ពួកវាខ្ទង់ 1,199 ដុល្លារ ឃើញថានៅតែថ្លៃជាងដដែល បើទោះជាយកទៅប្រៀប iPhone 13 Pro Max ក៏ដោយ (តម្លៃចាប់ផ្តើមដំបូង 1,099 ដុល្លារ)។

មូលហេតុដែល Apple អាចរក្សារតម្លៃទូរសព្ទកំពូលរបស់គេ ឲ្យនៅថេរមិនប្រែប្រួលនេះដែរ យើងអាចដឹងបានថា ដោយសារតែពីមួយជំនាន់ទៅមួយជំនាន់ iPhone ហាក់ដូចជាមិនសូវទទួលបានការកែប្រែច្រើនទេ ដោយ Apple សុខចិត្តប្រើប្រាស់ Hardware ដែលខ្លួនធ្លាប់បានប្រើកន្លងមក និងពង្រឹងបន្ថែមសមត្ថភាពរបស់វាតាមរយៈ Software ឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន ហេតុនេះវាជួយឲ្យគេចំណាយតិច ក្នុងការទិញគ្រឿង Hardware ផ្សេងៗ។

បើមើលទៅលើទូរសព្ទកំពូល Android វិញ ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែទទួលបាន Hardware ថ្មីៗចុងក្រោយជាច្រើន មិនថាផ្នែកអេក្រង់ ឬក៏កាមេរ៉ានោះទេ ដែលនេះហើយជាមូលហេតុធំ ធ្វើឲ្យតម្លៃដែលក្រុមហ៊ុនគេដាក់លក់ ឡើងថ្លៃជាបន្តបន្ទាប់ទៅតាមនឹងដែរ។

យោងតាមដំណឹងលេចឬកន្លងមក តម្លៃទូរសព្ទ Android នាពេលអនាគត អាចនឹងបន្តឡើងថ្លៃជាងមុនទៀត ជាក់ស្ដែងជាមួយការបំពាក់ Hardware ថ្មីៗចុងក្រោយ និងក្នុងកាលៈទេសៈខ្វះខាតគ្រឿងបង្គុំដូចសព្វថ្ងៃនេះទៀត គឺនឹងផ្តល់ផលលំបាកច្រើនដល់ពួកគេ ក្នុងការរក្សាតម្លៃឲ្យនៅថេរ។ ខណៈ iPhone វិញ យោងតាមទម្លាប់ដែល Apple ធ្វើរាល់ដង វាអាចជួយបានច្រើនក្នុងការធានាថា តម្លៃចាប់ផ្តើមដែលគេដាក់លក់នាពេលអនាគត អាចនឹងស្ថិតក្នុងកម្រិតមួយប្រហាក់ប្រហែលលើកមុនដែរ។

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង