iPhone ជាទូរសព្ទដែលលក់ចេញបានច្រើនជាងគេ កាលពីក្នុងត្រីមាសទី 4 កន្លងទៅ
ដោយ​ ៖ ខេមបូរីផត | 3 ខែមុន SHARE

 

នៅក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2021 កន្លងទៅ iPhone បានក្លាយជាទូរសព្ទឆ្លាត ដែលទទួលបានចំនួនលក់ចេញច្រើនជាងគេបំផុត នៅក្នុងទីផ្សារទូរសព្ទឆ្លាតទូទាំងពិភពលោក។ នេះបើយោងតាមការបង្ហាញចេញពីសំណាក់អ្នកស្រាវជ្រាវ និងព្យាករណ៍លើទីផ្សារទូរសព្ទ Canalys។

មិនខុសទេ ប្រភពខាងលើបានស្រាវជ្រាវឃើញថា ក្នុងត្រីមាសទី 4 កន្លងទៅ iPhone មានចំណែកទីផ្សារក្នុងទីផ្សារពិភពលោកខ្ទង់ 22% យកឈ្នះ Samsung និងឡើងទៅឈរលើកំពូលតារាងជំនួសវិញ។ ភាពជោគជ័យរបស់ Apple លើកនេះ គឺមួយផ្នែកធំបានមកពីខ្សែស្រឡាយ iPhone 13 ដែលត្រូវបានគេប្រកាសចេញកាលពីក្នុងអំឡុងខែកញ្ញាឆ្នាំ 2021 ហើយបន្ទាប់ពីដាក់លក់ វាក៏ក្លាយជាត្រកូលទូរសព្ទឆ្លាត ដែលមានតម្រូវការខ្ពស់ ពីសំណាក់អតិថិជនទូទាំងពិភពលោក ជាពិសេសក្នុងទីផ្សារប្រទេសចិនតែម្ដង។

ទោះជាជោគជ័យបែបនេះមែនក៏ដោយ ប៉ុន្តែប្រភពខាងលើបានដឹងទៀតថា Apple បានបង្ខំចិត្តកាត់សង្វាក់ផលិតកម្ម iPhone 13 Series ក្នុងត្រីមាសទី 4 មួយផ្នែក ដោយសារតែបញ្ហាខ្វះខាតគ្រឿងបង្គុំសំខាន់ៗ ហេតុនេះបើសិនជាមិនមានបញ្ហាទាំងនោះទេ គេរំពឹងថា ចំណែកទីផ្សាររបស់ iPhone នឹងឡើងខ្ពស់ជាងនេះទៅទៀត។

ប្រាកដណាស់ Apple បានដណ្ដើមតំណែងលេខ 1 ប្រចាំត្រីមាសពី Samsung វិញបានសម្រេច ប៉ុន្តែ Samsung ក៏មានចំណែកទីផ្សារខ្ពស់មួយដែរ ពោលគឺខ្ទង់ 20% ទាបជាង Apple ខ្ទង់ 2% ប៉ុណ្ណោះ។ ខណៈពេលដែល Xiaomi ដែលឈរនៅលេខ 3 ឯណោះវិញ មានចំណែកទីផ្សារ 12% តាមពីក្រោយដោយ OPPO មាន 9% និងចុងក្រោយ vivo មាន 8% ផងដែរ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង