មានដំណឹងថា iPad Air ជំនាន់ក្រោយ បំពាក់ឈីប A15 គ្រោងចេញជាមួយ iPhone SE ថ្មីដែរ
ដោយ​ ៖ ខេមបូរីផត | 3 ខែមុន SHARE

 

កន្លងទៅ យើងធ្លាប់បានដឹងខ្លះៗហើយថា Apple ទំនងជាមានគម្រោងក្នុងការប្រកាសចេញ iPhone SE ជំនាន់ថ្មី នៅក្នុងអំឡុងដើមឆ្នាំ 2022 នេះ ជាមួយគ្នានឹងផលិតផលថ្មីៗមួយចំនួនទៀត។ ដោយឡែក នៅក្នុងពេលនេះយើងបានដឹងបន្ថែមថា ផលិតផលផ្សេងៗទៀត ដែល Apple គ្រោងនឹងប្រកាសចេញជាមួយគ្នានោះ ក៏អាចនឹងមានវត្តមាន iPad Air ម៉ូឌែលថ្មីមួយដែរ។

យោងតាមរបាយការណ៍ថ្មីៗនេះ ចេញពីប្រភព Japanese blog Mac Otakara បានឲ្យដឹងថា Apple អាចនឹងមានគម្រោងក្នុងការប្រកាសចេញ iPad Air ជំនាន់ទី 5 ថ្មី នៅក្នុងអំឡុងនិទាឃរដូវខាងមុខនេះ ពោលគឺអាចចេញនៅចន្លោះខែមីនា ឬខែមេសាជាមួយគ្នានឹង iPhone SE ជំនាន់ថ្មីហ្នឹងឯង។ នៅក្នុងនោះដែរ យើងក៏បានដឹងដូចគ្នាថា iPad Air ជំនាន់ថ្មី អាចនឹងទទួលបានការបំពាក់ឈីបកំពូល A15 Bionic ព្រមទាំងអាចនឹងមានកាមេរ៉ាមុខទំហំ 12MP ជាលេន Ultrawide មកស្រាប់ ដើម្បីឲ្យគាំទ្រជាមួយមុខងារ Center Stage ដូច iPad ថ្មីៗរបស់ Apple ផ្សេងទៀតដែរ។

សម្រាប់ការឌីហ្សាញ iPad Air ជំនាន់ក្រោយ អាចនឹងមានរូបរាងដូច iPad Air បច្ចុប្បន្នអញ្ចឹង ជាមួយការបន្តប្រើប្រាស់កាមេរ៉ាក្រោយមួយគ្រាប់, មានអេក្រង់ទំហំ 10.9 អ៊ីញ គែម Bezel ស្មើគ្នាទាំង 4 ជ្រុង, មានមុខងារ Touch ID នៅលើប៊ូតុង Power ក៏ដូចជាអាចនឹងបន្តប្រើប្រាស់រន្ធ USB-C ជាដើម។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង