ឈីបកំពូល Exynos 2200 ចេញផ្លូវការហើយ ជាមួយ GPU ជំនាន់ថ្មី AMD RDNA 2
ដោយ​ ៖ ខេមបូរីផត | 3 ខែមុន SHARE

 

ថ្មីៗមុននេះ Samsung បានប្រកាសចេញឈីបកំពូល សម្រាប់ទូរសព្ទរបស់ខ្លួនចេញមកជាផ្លូវការហើយ ដោយពិតជាមានឈ្មោះថា Exynos 2200 មែន។ ឈីបថ្មីនេះ ត្រូវបាន Samsung កែប្រែជាច្រើនទៅលើស្នូលខាងក្នុង ជាក់ស្ដែងរួមមានទាំងការបំពាក់ CPU ជំនាន់ថ្មីចុងក្រោយ និងការប្ដូរទៅប្រើប្រាស់ GPU ថ្មី ធ្វើឡើងដោយពឹងផ្អែកលើស្ថាបត្យកម្ម AMD RDNA 2 ដូចក្រាហ្វិកកាតរបស់ PC ទៀតផង។

Exynos 2200 ជាឈីបកំពូលត្រូវបានផលិតឡើងផ្អែកលើបច្ចេកវិទ្យា 4nm EUV Process ដោយក្នុងនោះមានបំពាក់ CPU ចំនួន 8 Cores មាន Core គោលមួយគ្រាប់ជាប្រភេទ Cortex X2 (Flagship Core) អមជាមួយ CPU 3 Cores ទៀតជាប្រភេទ Cortex A710 (Performance Cores) និងចំនួន 4 Cores ចុងក្រោយនោះ គឺជាប្រភេទ Cortex A510 (Efficiency Cores)។ ទន្ទឹមគ្នានឹងការបំពាក់ CPU ថ្មី Exynos 2200 ក៏ទទួលបានការពង្រឹងបន្ថែមទៅលើផ្នែក AI ដែរ តាមរយៈការ Upgrade NPU របស់វា ហើយចំណុចពិសេសនោះគឺ Samsung អះអាងថា សមត្ថភាព NPU លើកនេះ ខ្ពស់ជាងជំនាន់មុនពោលគឺ Exynos 2100 កន្លងទៅដល់ទៅ 2 ដងឯណោះ។

សម្រាប់ផ្នែក GPU វិញ គឺជាចំណុចដែល Samsung បានលើកយកមកបង្ហាញមុនគេ ជាក់ស្ដែង Exynos 2200 បានបំពាក់មកជាមួយ GPU ដែលមានឈ្មោះថា Xclipse ដែលជា GPU មួយត្រូវបានធ្វើឡើងដោយផ្អែកលើស្ថាបត្យកម្ម AMD RDNA 2 ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង។ ជាមួយ GPU ថ្មីនេះ Samsung បានអះអាងច្រើនមែនទែនថា វានឹងផ្តល់បទពិសោធន៍លេងហ្គេមបែប Hybrid រវាងម៉ាស៊ីនហ្គេម និងទូរសព្ទឆ្លាត កែប្រែបទពិសោធន៍នៃការលេងហ្គេម ឲ្យស្ថិតនៅកម្រិតមួយកាន់តែខ្ពស់ថែមទៀត។ Xclipse ទទួលបានមុខងារជំនួយក្រាហ្វិកហ្គេមសំខាន់ៗមួយចំនួន ដូចនៅលើកុំព្យូទ័រ និងម៉ាស៊ីនហ្គេមអញ្ចឹង ជាក់ស្ដែងដូចជាមុខងារ Ray Tracing និង Variable Rate Shading ជាដើម។

Ray Tracing ជាមួយមុខងារមួយ ដែលជួយឲ្យក្រាហ្វិកហ្គេម កាន់តែដូចពិតប្រាកដជាងមុន តាមរយៈការគណនាចលនាផ្សេងៗ, ការបង្ហាញពណ៌ ត្រូវគ្នាជាមួយនឹងពន្លឺ ដែលចាំងផ្លាតទៅនឹងផ្ទៃណាមួយ ហើយមុខងារនេះ ក៏ជួយផលិតចេញជាពន្លឺ និង Render ចេញមកវិញ កាន់តែដូចក្នុងពិភពពិតថែមទៀត។ 

ទៅមើលផ្នែកគណនារូបភាព Exynos 2200 បានបំពាក់ ISP (Image Signal Processor) ដែលត្រូវបានគេឌីហ្សាញជាថ្មី ដើម្បីឲ្យអាចគាំទ្រជាមួយសេនស័រកាមេរ៉ាជំនាន់ចុងក្រោយមានកម្រិត Resolution ខ្ពស់បំផុតដល់ទៅ 200MP ឯណោះ។ បូករួមដំណើរការជាមួយ NPU និងអង្គគណនាផ្សេងៗទៀត ធ្វើឈីប ISP នេះ អាចគាំទ្រផ្នែក Decodes Videos បានដល់ទៅ 4K 240fps ឬ 8K 60fps និងផ្នែក Encodes បានដល់ 4K 120fps ឬ 8K 30fps ផងដែរ។ ឈីបកំពូលថ្មីខាងលើ ក៏អាចឲ្យទូរសព្ទដែលបំពាក់វាគាំទ្រមុខងារ HDR10+ ព្រមទាំងល្បឿន Refresh Rate 144Hz ដូចគ្នា។

ចុងក្រោយ Samsung មិនបានប្រាប់ទេថា គេនឹងបំពាក់ឈីបថ្មីលើទូរសព្ទរបស់ខ្លួនពេលណា ប៉ុន្តែយើងអាចនឹងរំពឹងបានថា នឹងឃើញឈីបនេះនៅលើ Galaxy S22 Series ដូចទម្លាប់របស់គេរាល់អញ្ចឹង។

ប្រភព ៖ Samsung
អត្ថបទទាក់ទង