Telegram ប្រាប់ពីមូលហេតុបណ្ដាលឲ្យមានបញ្ហាកាលពីយប់មិញហើយ
កាលពីយប់មិញនេះ អ្នកប្រើប្រាស់ Telegram ជុំវិញពិភពលោកជួបបញ្ហាដូចគ្នា ដោយបញ្ហានោះ មិនអាចឲ្យយើងផ្ញើសារចេញកើតឡើយ ហើយរហូតទាល់តែខ្ទង់ជិត 2 ម៉ោង ទើប Telegram ត្រលប់មកដំណើរការស្រួលធម្មតាវិញ។
យោងតាមការបង្ហាញចេញពី Telegram ផ្ទាល់ មូលហេតុដែលបណ្ដាលឲ្យមានការរអាក់រអួលនេះកើតឡើង គឺដោយសារតែទាក់ទងទៅនឹងបញ្ហាតំណរភ្ជាប់មួយចំនួន ដែលធ្វើឲ្យអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីខាងកើត, ឥណ្ឌូនេស៊ី, ឥណ្ឌា និងអូស្រ្តាលី ជួបប្រទះនឹងបញ្ហាដូចបានរៀបរាប់ខាងលើ។
បន្ទាប់ពីមានបញ្ហានេះដែរ ក្រោយមកនៅម៉ោង 11:11 យប់មិញ Telegram បានបង្ហោះនៅតាមបណ្ដាញសង្គមប្រាប់ជាផ្លូវការថា កម្មវិធីផ្ញើសាររបស់គេត្រលប់មកដំណើរការបានជាធម្មតាវិញហើយ។
មិនខុសទេ គិតមកទល់ពេលនេះ Telegram មិនមានបញ្ហាណាមួយកើតឡើងទៀតឡើយ ហើយអ្នកប្រើប្រាស់ក៏អាចផ្ញើសារចេញចូលបានជាធម្មតាវិញដែរ។ ប៉ុន្តែនៅក្នុងអំឡុងពេលមានបញ្ហាយប់មិញនោះ យើងឃើញថា មានអ្នកប្រើប្រាស់ច្រើនមែនទែន បានបង្ហោះនៅតាមបណ្ដាញសង្គម ជាពិសេសគឺ Twitter តែម្ដង ដោយចង់ដឹងថា តើមានអ្វីកើតឡើងជាមួយ Telegram។