Facebook ត្រូវបានគេប្ដឹងទារសំណងខ្ទង់ 3.2 ពាន់លានដុល្លារ ពីបទប្រមូលយកទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ក្រុមហ៊ុន Meta ដែលជាអណាព្យាបាលរួមរបស់ Facebook បានប្រឈមមុខនឹងការប្ដឹងមួយ នៅក្នុងប្រទេសអង់គ្លេស ដែលជាការប្ដឹងធ្ងន់ធ្ងរ ទាមទារសំណងពីក្រុមហ៊ុននេះដល់ទៅខ្ទង់ 3.2 ពាន់លានដុល្លារឯណោះ ដោយចោទប្រកាន់ពីបទបណ្ដាញសង្គម Facebook បានទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

លោក Liza Lovdahl-Gormsen ត្រូវជាទីប្រឹក្សាជាន់ខ្ពស់នៃ Financial Conduct Authority (FCA) ក្នុងប្រទេសអង់គ្លេសនោះ គាត់បានបំពេញការប្ដឹងករណីខាងលើ ក្នុងនាមប្រជាជនអង់គ្លេសទាំងអស់ ដែលបានប្រើប្រាស់ Facebook ចន្លោះពីឆ្នាំ 2015 ដល់ 2019 ដែលសរុបទៅគឺប្រមាណជាខ្ទង់ 44 លាននាក់ឯណោះ។ ការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងនោះគឺថា Facebook បានរកចំណូលខ្ទង់ពាន់លានដុល្លារ ដោយសារការកំណត់លក្ខខណ្ឌ (Terms and Conditions) មិនយុត្តិធម៌ទៅកាន់អ្នកប្រើប្រាស់ ដើម្បីធ្វើឲ្យគេមានសិទ្ធិក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើ។

Lovdahl-Gormsen បានបន្ថែមនៅក្នុងពាក្យបណ្ដឹងថា Facebook គឺជាបណ្ដាញសង្គមមួយក្នុងប្រទេសអង់គ្លេស ដែលអ្នកប្រើប្រាស់ប្រាកដថា ពួកគេនឹងទទួលបានការភ្ជាប់ទំនាក់ទំនងជាមួយមិត្តិភក្តិ និងគ្រួសារ ប៉ុន្តែធាតុពិត Platform នេះក៏បានមកជាមួយគ្នា នឹងផ្នែកងងឹតមួយដែរ។

ផ្នែកងងឹតនៅក្នុងន័យខាងលើ គឺគេចង់សំដៅលើ Facebook បានប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ តាមរយៈវិធីជាច្រើនដូចជា Facebook Pixel ជាដើម ដែលជា Tool មួយអនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការតាមដានរាល់សកម្មភាពអតិថិជនរបស់គេ នៅតាមបណ្ដាញអ៊ីនធើណេត។ 

ប្រភព ៖ Reuters
អត្ថបទទាក់ទង