អ្នកព្យាករណ៍រំពឹងថា iPhone 14 គ្រប់ម៉ូឌែលនឹងទទួលបានអេក្រង់ 120Hz ជាមួយរ៉េម 6GB
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

នៅសល់រយៈពេលរាងយូរទៀតដែរ ទម្រាំដល់វត្តមាន iPhone 14 ជំនាន់ថ្មី ពោលគឺយើងអាចរំពឹងជាមុនបានថា Apple គ្រោងនឹងបញ្ចេញទូរសព្ទត្រកូលនេះ ក្នុងអំឡុងខែកញ្ញាខាងមុខហ្នឹងឯង។ យ៉ាងណាបើទោះជានៅសល់ពេលយូរទៀតក៏ពិតមែន ប៉ុន្តែដំណឹងនានាទាក់ទងនឹង iPhone ជំនាន់ក្រោយនេះ ត្រូវបានគេបង្ហោះចែកចាយជាច្រើនរួចមកហើយ។

ជាក់ស្ដែងដូចក្នុងពេលនេះអញ្ចឹង មានការបង្ហាញថ្មីផ្សេងទៀត ចេញពីសំណាក់ក្រុមអ្នកព្យាករណ៍ Haitong International Securities វិញម្ដង ដោយបានឲ្យដឹងថា មុខងាររបស់ iPhone 13 Pro បច្ចុប្បន្នជាច្រើន នឹងមាននៅលើ iPhone 14 ធម្មតាដែរ ជាក់ស្ដែងដូចជាវាអាចនឹងទទួលបានមុខងារ ProMotion ជាមួយល្បឿន Refresh Rate 120Hz ព្រមទាំងអាចនឹងទទួលបានរ៉េមឡើងដល់ 6GB ផងដែរ។

ចំណែកឯម៉ូឌែល Pro វិញ ដែលកន្លងមកធ្លាប់រំពឹងថា នឹងមានរ៉េមឡើងដល់ 8GB នោះ ពេលនេះបន្ទាប់ពីគេបានត្រួតពិនិត្យ ទៅលើរបាយការណ៍ចេញពីក្រុមហ៊ុនផ្គត់ផ្គង់ហើយ បានបង្ហាញជាថ្មីថា Apple អាចនឹងបន្តបំពាក់រ៉េមទំហំ 6GB នៅលើនោះដដែល។

ដូច្នេះហើយមានន័យថា គ្រប់ម៉ូឌែល ស្ថិតក្នុងខ្សែស្រឡាយ iPhone 14 ទាំងអស់ ទំនងជានឹងមានមុខងារ ProMotion ដូចៗគ្នា ដែលនេះជាដំណឹងល្អមួយសម្រាប់អ្នកមិនត្រូវការចំណាយលុយដល់ iPhone 14 Pro ឬ Pro Max។ ចំណុចខុសគ្នានោះ បើតាមព័ត៌មានកន្លងមកគឺថា អេក្រង់ជាមួយមុខងារ ProMotion ដែលប្រើ iPhone 14 ឬ 14 Max អាចនឹងជាអេក្រង់ Apple ទិញពី LG Display ខណៈអេក្រង់ដែលប្រើលើ iPhone 14 Pro ឬ 14 Pro Max នោះ អាចជាអេក្រង់ទិញពី Samsung Display ហ្នឹងឯង ដែលជាអេក្រង់មានគុណភាពខ្ពស់ជាង ហើយតម្លៃក៏ថ្លៃជាងដូចគ្នា។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង