លេចឮថា iPad Pro ជំនាន់ក្រោយមាន Logo Apple ធំជាងមុន ហើយដើរតួជាកន្លែងសាកថ្មឥតខ្សែ
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

របាយការណ៍ចេញកាលពីឆ្នាំមុន បានឲ្យដឹងថា Apple ធ្លាប់បានសាកល្បងតេស្ត iPad Pro ជំនាន់ថ្មី ដែលមានបំពាក់មុខងារសាកថ្មឥតខ្សែ ហើយជាមួយការបង្ហាញនេះដែរ ធ្វើឲ្យមតិជាច្រើនគិតថា Apple សម្រេចប្តូរទៅប្រើប្រាស់ខ្នងក្រោយរបស់ iPad Pro ជាកញ្ចក់វិញ ដើម្បីឲ្យវាអាចគាំទ្រមុខងារសាកថ្មឥតខ្សែនោះបាន។

ដោយឡែក បើតាមការរាយការណ៍ចេញពីប្រភព 9To5Mac ថ្មីៗនេះ បានបញ្ជាក់បន្ថែមថា iPad Pro ជំនាន់ក្រោយទំនងជាគាំទ្រជាមួយមុខងារសាកថ្មឥតខ្សែ ដូចដំណឹងកន្លងមកបង្ហាញមែន ប៉ុន្តែមូលហេតុដែលអាចគាំទ្របាននោះ គឺ Apple អាចមិនមែនប្តូរទៅបំពាក់កញ្ចក់ពេញតួខ្លួនខាងក្រោយទេ។ 

យោងតាមការបង្ហាញនេះគឺថា Apple ទំនងជាសម្រេចធ្វើការពង្រីក Logo ផ្លែប៉ោមរបស់ខ្លួននៅខ្នងក្រោយ ឲ្យកាន់តែធំជាងមុនទៀត ហើយកាន់តែពិសេស វាអាចជា Logo ធ្វើឡើងពីកញ្ចក់ទៀតផង។ ហេតុនេះហើយ Logo កញ្ចក់នឹងអនុញ្ញាតឲ្យ Apple យកឲ្យដើរតួជាកន្លែងសាកថ្មឥតខ្សែតែម្ដង មិនមែនគ្រាន់តែដាក់តំណាង ឬដាក់លម្អដូចមុនទេ។

មិនត្រឹមតែប៉ុណ្ណោះ iPad Pro ដែលគាំទ្រមុខងារសាកថ្មឥតខ្សែ ឬ MagSafe ក៏ត្រូវបានគេដឹងថា នឹងមានកម្លាំងដែកស្រូបខ្លាំងជាង MagSafe លើ iPhone ហើយវាក៏អាចមានល្បឿនក្នុងការសាកថ្មចូលទៅឲ្យ iPad Pro បានលឿនជាងនៅលើ iPhone ដូចគ្នាដែរ។

សូមរំឮកដែរ ខ្នងអាលុយមីញ៉ូមខាងក្រោយដូច iPad Pro សព្វថ្ងៃនេះ មិនអាចអនុញ្ញាតឲ្យមានមុខងារសាកថ្មឥតខ្សែបានទេ ពោលគឺមានតែសមាសធាតុជាកញ្ចក់ ឬក៏ប្លាស្ទិកប៉ុណ្ណោះ ដែលអាចគាំទ្រមុខងារនេះបាន។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង