Android 12L ឲ្យតម្រុយថា Pixel Fold មានការឌីហ្សាញស្រដៀង OPPO Find N ជាង Galaxy Z Fold3
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ទូរសព្ទអេក្រង់បត់របស់ Google ធ្លាប់ត្រូវបានគេដឹងថា គ្រោងនឹងចេញផ្លូវការ កាលពីចុងឆ្នាំ 2021 កន្លងទៅ ប៉ុន្តែដោយសារបញ្ហាគុណភាព ក៏ដូចជាបញ្ហាមួយចំនួនទៀតនោះ ធ្វើឲ្យ Google សម្រេចផ្អាកគម្រោងនេះ ដើម្បីយកពេលសិក្សាបន្តទៀតសិន។ ដោយឡែកនៅក្នុងពេលនេះវិញ Android 12L ជំនាន់សាកល្បងបានឲ្យតម្រុយថ្មី បង្ហាញពីឌីហ្សាញរបស់ទូរសព្ទអេក្រង់ត្រកូល Pixel ទៀតផង។

មិនខុសទេ នៅលើ Android 12L Beta 2 ដែលទើបត្រូវបាន Google ទម្លាក់ចេញថ្មីៗនេះ ប្រភព 9To5Google បានស្រាវជ្រាវស្វែងរកឃើញរូបភាពមានចលនាថ្មីមួយ ដែលជាការណែនាំពីរបៀបដាក់ស៊ីមចូលក្នុងទូរសព្ទអេក្រង់បត់។ ការណែនាំនោះគឺស្រដៀងគ្នានឹងការណែនៅពេលធ្វើការ Set Up ទូរសព្ទម៉ូឌែលផ្សេងៗទៀតរបស់ Google ដំបូងអញ្ចឹង ហើយកាន់តែពិសេស ប្រភពកូដនៃផ្ទាំងណែនាំនោះ គឺឃើញមានដាក់ដំណាងឲ្យទូរសព្ទ ដែលមានកូដម៉ូឌែល “Pipit” ដោយកន្លងទៅធ្លាប់ត្រូវបានគេដឹងថា អាចនឹងក្លាយជា Pixel Fold ហ្នឹងឯង។

ចំណុចសំខាន់បន្ទាប់ទៀត គឺទៅមើលលើរូបភាពតំណាងវិញម្ដង ដោយបានបង្ហាញឲ្យឃើញថា ទូរសព្ទអេក្រង់បត់ម៉ូឌែលនោះ មានការឌីហ្សាញបែបខ្លី ស្រដៀងគ្នាជាមួយ OPPO Find N ច្រើនជាងការឌីហ្សាញបែបទ្រវែងនៅលើ Galaxy Z Fold3 របស់ Samsung។

យោងតាមរូបភាពខាងលើ យើងឃើញថានៅពេលបត់ចូលគ្នា អេក្រង់ខាងមុខរបស់ Pixel Fold ទំនងជានឹងមានរាងខ្លី ព្រមទាំងមានគន្លាក់បត់នៅខាងកៀនមិនខុសពីទូរសព្ទអេក្រង់បត់ដទៃទៀតទេ ហើយនៅពេលបើកចេញមក អេក្រង់ធំខាងក្នុងរបស់វាហាក់ដូចជាមានទម្រង់ផ្ដេកស្រាប់ដូច OPPO Find N អញ្ចឹង មិនមែនបើកមកបញ្ឈរ Portrait ដូច Galaxy Z Fold ទេ។ 

គួរបញ្ជាក់ដែរថា បើទោះជាធ្លាប់មានការលេចឮថា Google ផ្អាកការប្រកាសចេញទូរសព្ទអេក្រង់បត់ដំបូងរបស់ខ្លូនសិនក៏ដោយ ប៉ុន្តែក៏នៅតែមានការរាយការណ៍ជាច្រើនផ្សេងទៀត បានឲ្យដឹងដែរថា Google នៅតែបន្តធ្វើការយ៉ាងសកម្មជាមួយទូរសព្ទប្រភេទនេះដដែល។

ប្រភព ៖ 9to5Google
អត្ថបទទាក់ទង