Galaxy S22 Series អាចនឹងបំពាក់ឈីប Snapdragon នៅគ្រប់ទីផ្សារទាំងអស់តែម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

បន្ទាប់ពីមានដំណឹងជាច្រើនលើកច្រើនសារមកថា Samsung អាចនឹងបន្តបំពាក់ឈីប Exynos នៅលើ Galaxy S22 Series សម្រាប់ទីផ្សារមួយចំនួនដូចរាល់ដងនោះ ពេលនេះយើងទទួលបានដំណឹងលេចធ្លាយសំខាន់មួយ ចេញពីប្រភពល្បីឈ្មោះក្នុងបណ្ដាញសង្គម Twitter ដែលបញ្ជាក់ថា លើកនេះ Galaxy S22 Series អាចនឹងមិនមានជម្រើសឈីប Exynos ទៀតទេ។

មិនខុសទេ យោងតាមការចែករំលែកចេញពីប្រភព Ice Universe បានឲ្យដឹងថា គ្រប់ម៉ូឌែល និងគ្រប់តំបន់ទាំងអស់ ដែល Samsung គ្រោងនឹងដាក់លក់ Galaxy S22 Series នោះ ទំនងជានឹងទទួលបានម៉ូឌែលដែលប្រើឈីប Snapdragon 8 Gen 1 ទាំងអស់តែម្ដង ពោលគឺគ្មានម៉ូឌែលប្រើឈីប Exynos ឡើយក្នុងឆ្នាំនេះ។

ព័ត៌មាននេះកើតឡើងបន្ទាប់ពីមានដំណឹងថា Samsung ជួបបញ្ហាក្នុងការផលិតឈីប Exynos 2200 របស់ខ្លួន ហើយមិនអាចយកឈីបទៅបំពាក់នៅលើ Galaxy S22 Series បានទាន់ពេលវេលាទេ។ ហេតុនេះទើបក្រុមហ៊ុនកូរ៉េខាងត្បូងសម្រេចប្រើប្រាស់ឈីប Snapdragon 8 Gen 1 ជំនួសវិញទាំងស្រុងតែម្ដង។

ដំណឹងខាងលើ មានសង្ឃឹមថាអាចនឹងទៅរួចមែន ព្រោះជាក់ស្ដែងកន្លងទៅ Samsung ធ្លាប់បានប្រកាសថានឹងប្រកាសចេញឈីប Exynos ជំនាន់ថ្មីក្នុងថ្ងៃទី 11 មករាកន្លងទៅនេះ ប៉ុន្តែផ្ទុយទៅវិញ គេបែរជាលុបការប្រកាសនោះចេញ និងមិនបានបញ្ជាក់ប្រាប់ពីហេតុផលច្បាស់ឡើយ។ បើទោះជានៅលើ Galaxy S22 Series អាចមិនមានម៉ូឌែលប្រើឈីប Exynos 2200 ក៏ដោយ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាត្បូង នៅតែមានគម្រោងប្រកាសចេញវានាពេលអនាគតដដែល។

និយាយរួមមកវិញ នេះជាដំណឹងល្អ សម្រាប់អ្នកគាំទ្រ Samsung ជាពិសេសក្នុងតំបន់អាស៊ី និងអឺរ៉ុបតែម្ដង ព្រោះថាកន្លងមក ពួកគេតែងតែទទួលបានម៉ូឌែលប្រើឈីប Exynos ជានិច្ច ដែលឃើញថាសមត្ថភាពរបស់ឈីបនោះ តែងតែខ្សោយជាងឈីបកំពូល Snapdragon រៀងរាល់ឆ្នាំ។

ប្រភព ៖ Ice Universe
អត្ថបទទាក់ទង