ក្រុមហ៊ុនផលិតហ្គេម PUBG ប្ដឹង Apple និង Google ដែលមិនលុបហ្គេមចម្លងតាមគេចេញពី Store
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

យើងប្រាកដជាធ្លាប់ស្គាល់ហ្គេម PUBG ជាយូរមកហើយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Krafton ក្នុងនាមជាហ្គេមកុំព្យូទ័រ ហើយត្រូវបាន Tencent ទិញសិទ្ធិយកមកផលិតជាហ្គេមសម្រាប់ Mobile រហូតមកទល់ពេលថ្មីៗនេះ Krafton ផ្ទាល់បានផលិតហ្គេម PUBG ដោយខ្លួនឯងមួយទៀត ត្រូវបានគេហៅថា PUBG: New State ហ្នឹងឯង។

 

ដោយឡែកជុំវិញរឿងហ្គេម PUBG នេះ Krafton បានដាក់ពាក្យប្ដឹងទៅក្រុមហ៊ុន Apple និង Google ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងពីរមិនព្រមលុបហ្គេម ដែលចម្លងតាមហ្គេមរបស់គេ ដោយគ្មានការអនុញ្ញាតចេញពី App Store និង Play Store។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកផលិត PUBG ខាងលើ ក៏បានប្ដឹងក្រុមហ៊ុនផលិតហ្គេម Garena ដូចគ្នា ព្រោះថាក្រុមហ៊ុននេះហើយ ដែលបានផលិតហ្គេម Clone របស់ PUBG ដែលមានឈ្មោះថា Free Fire និង Free Fire Max។

Krafton ក៏បានរាយចំណុចសំខាន់ខ្លះៗ ដែលបញ្ជាក់ថា Free Fire និង Free Fire Max ចម្លងតាមហ្គេម PUBG របស់ខ្លួនដែរ ក្នុងនោះមានទាំងការចម្លងជាលក្ខណៈបុគ្គល ក៏ដូចជាការរួមបញ្ចូលគ្នា ជាក់ស្ដែងមានដូចជា ការចម្លងមុខងារ Opening Air Drop ដែលជាមុខងារផ្ទាល់ខ្លួនមួយរបស់ PUBG, ចម្លងតាមទម្រង់ និងរបៀបលេង ក៏ដូចជាការចម្លងទៅលើផ្នែកជ្រើសរើសអាវុធ, ទីតាំង, ពណ៌ជារួមក្នុងហ្គេម ព្រមទាំងផ្នែក Material និង Textures ផ្សេងៗជាដើម។

Apple និង Google ត្រូវបានចោទប្រកាន់ថា បានចែកចាយហ្គេម Clone របស់ PUBG ពោលគឺ Free Fire រាប់លានច្បាប់ចម្លង ធ្វើឲ្យក្រុមហ៊ុនហ្គេម Garena រកប្រាក់ចំណូលបានរាប់រយលានដុល្លា និងជួយឲ្យ Apple និង Google បង្កើនចំណូលច្រើនពីសកម្មភាពនេះ។ Krafton បានប៉ានប្រមាណមើលថា Garena រកចំណូលបានដល់ទៅខ្ទង់ 2 ពាន់លានដុល្លារឯណោះក្នុងឆ្នាំ 2020 ហើយក្នុងនោះមានខ្ទង់ 100 លានដុល្លារ ជាចំណូលមកពីសហរដ្ឋអាមេរិក។ 

កាលពីអំឡុងខែធ្នូឆ្នាំ 2021 ថ្មីៗកន្លងទៅ Apple ត្រូវបានគេប្រាប់ថា ហ្គេម Free Fire ជាហ្គេមមួយ ដែលរំលោភបំពានលើកម្មសិទ្ធិបញ្ញានៃហ្គេម PUBG របស់ Krafton ប៉ុន្តែ Apple មិនបានចាត់វិធានការលុបហ្គេមនេះចេញពី Store របស់ខ្លួនឡើយ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង