ASUS បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួម ASUS-NTU ដើម្បីបង្កើនបច្ចេកវិទ្យាឆ្លាតវៃបន្ថែមនាពេលអនាគត
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

ថ្មីៗនេះ ASUS បានប្រកាសពីការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួមមួយ ASUS-National Taiwan University (NTU) នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ដែលកើតឡើងដោយការសហការជាមួយសាកលវិទ្យាល័យ NTU ក្នុងគោលបំណងដើម្បីពង្រឹងទៅលើការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម-សិក្សា (Industry-Academia) និងជំរុញបន្ថែមទៅលើបច្ចេកវិទ្យាឆ្លាតវៃ សម្រាប់ពេលអនាគត។

ការប្រកាសនេះដែរ ត្រូវបានធ្វើឡើងដោយប្រធានរបស់ ASUS លោក Jonney Shih និងនាយកសាកលវិទ្យាល័យ NTU លោក Chung-Ming Kuan។ ការរួមបញ្ចូលគ្នានេះ នឹងជួយឲ្យ ASUS ទទួលបាននូវទេពកោសល្យពិសេសៗ ទាំងពីផ្នែកមុខជំនួញរបស់គេ និងការសិក្សា ព្រមទាំងបានអះអាងថា នឹងសម្រេចឲ្យបាននូវគោលបំណង ក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេមួយ លើផ្នែកបច្ចេកវិទ្យាវៃឆ្លាតទៀតផង។ មជ្ឈមណ្ឌលស្រាវជ្រាវរួមនេះ ត្រូវបានបង្កើតឡើងជាមួយការវិនិយោគផ្នែក R&D សរុបជាង 3.5 លានដុល្លារឯណោះ ហើយនឹងផ្តោតលើផ្នែកសំខាន់ៗដូចជា អេឡិចត្រូម៉ាញ៉េទិចទំនើប, កុំព្យូទ័រជំនាន់ក្រោយ, ផលិតផល IoT និងបញ្ញាសិប្បនិម្មិត ឬ AI ក៏ដូចជាធ្វើការប្រមូលផ្តុំធនធានពីគ្រប់វិស័យ ដើម្បីសម្រេចបាននូវរបកគំហើញថ្មីៗ និងជំរុញបច្ចេកវិទ្យាឆ្លាតវៃឲ្យដើរទៅមុខ។

ប្រធានរបស់ ASUS បានបញ្ជាក់ថា ក្នុងនាម ASUS ជាយីហោមួយដែលទទួលបានការគាំទ្រក្នុងសកលលោកលើផ្នែក Motherboard និង Computing នោះ ASUS តែងតែបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗជាសកម្មទៅលើផ្នែក បញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាផ្នែក AIoT ដើម្បីទទួលបាននូវគំនិតថ្មីៗ ជួយបង្កើនល្បឿននៅក្នុងឧស្សាហកម្មនេះបានកាន់តែប្រសើរ។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលរួមគ្នានេះ នឹងភ្ជាប់ធនធានសិក្សាបន្ថែមទៀត ជាមួយនឹងកម្មវិធីផ្នែកឧស្សាហកម្មផ្សេងៗ ដើម្បីជំរុញឲ្យ ASUS និងឧស្សាហកម្មទាំងស្រុងឆ្ពោះទៅមុខបានកាន់តែរលូន។

បច្ចុប្បន្ន ASUS កំពុងខិតខំដើម្បីក្លាយជា ក្រុមហ៊ុនឈានមុខលើវិស័យបញ្ញាសិប្បនិមិត្ត និងផ្នែក AIoT ដោយការប្រឹងប្រែងនោះរួមបញ្ចូលនូវ កាបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ទាំងនៅលើផ្នែក Hardware និង Software ដើម្បីបញ្ចេញមកវិញនូវបច្ចេកវិទ្យាឆ្លាតវៃ ជាមួយដៃគូ Ecosystem ផងដែរ។

សម្រាប់កិច្ចសហការជាមួយ NTU នេះ ASUS នឹងធ្វើការបង្រួបបង្រួមធនធាន R&D នៅគ្រប់ផ្នែកទាំងអស់ ដោយប្រមូលផ្តុំនូវសមត្ថភាពស្រាវជ្រាវ និងកម្មវិធីនៃនាយកដ្ឋានចំនួនប្រាំពីរនៃ NTU បូករួមទាំងមន្ទីរពេទ្យ National Taiwan University Hospital។ ក្រៅពីនេះ ASUS ក៏នឹងចែករំលែកបន្តនូវបទពិសោធន៍សហគ្រាសរបស់ខ្លួន ទៅកាន់អ្នកសិក្សា និងបណ្តុះនូវទេពកោសល្យផ្នែក R&D ជំនាន់ថ្មី ដោយអនុវត្តនូវគោលបំណងមួយគឺ ជំរុញមជ្ឈមណ្ឌលស្រាវជ្រាវរួម ASUS-NTU ឲ្យឆ្ពោះទៅរកចំណាត់ថ្នាក់លេខ 1 ក្នុងតំបន់អាស៊ី និងស្ថិតនៅលំដាប់កំពូលមួយទូទាំងពិភពលោក។

មជ្ឈមណ្ឌលស្រាវជ្រាវរួម ASUS-NTU មិនត្រឹមតែទទួលបានការវិនិយោគពី ASUS ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជំរុញដល់ការអភិវឌ្ឍន៍បន្ថែម មជ្ឈមណ្ឌលក៏នឹងទទួលបានការឧបត្ថម្ភដោយ Academia-Industry Research Center (AIR Center) មកពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់តៃវ៉ាន់ផងដែរ។ ក្នុងការដើរតួជាអ្នកបង្កើតគំនិតច្នៃប្រឌិត ជំរុញទេពកោសល្យ R&D និងជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្លាតវៃនោះ ASUS មានគោលបំណងនាំយកភាពរឹងមាំថ្មី ទៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) តាមរយៈការពង្រឹងទំនាក់ទំនងអន្តរជាតិ និងបង្កើនវត្តមានរបស់យីហោ ASUS នៅទូទាំងពិភពលោក។

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង