បកស្រាយពីបច្ចេកវិទ្យាបន្ទះអេក្រង់ QD-Display/QD-OLED
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

កាលពីក្នុងព្រឹត្តិការណ៍ CES 2022 កន្លងទៅ Samsung ចាប់ផ្តើមនាំយកបច្ចេកវិទ្យាអេក្រង់ថ្មី QD-Display ដំបូងរបស់គេមកបង្ហាញជាផ្លូវការ ដោយបំពាក់នៅលើទូរទស្សន៍ឆ្លាតវៃ និងម៉ូនីទ័ររបស់គេ ក៏ដូចជារបស់ក្រុមហ៊ុនដៃគូរមួយចំនួនទៀត។ យ៉ាងណានេះជាបច្ចេកវិទ្យាអេក្រង់មួយ ដែលកន្លងទៅធ្លាប់បាន LG ដាក់បង្ហាញរួចមកហើយ ប៉ុន្តែគេហៅអេក្រង់នោះថា QD-OLED ហេតុនេះហើយបានជា Samsung ហៅថា QD-Display វិញ ដើម្បីកុំឲ្យច្រឡំគ្នា។

យ៉ាងណាក្នុងអត្ថបទនេះ យើងយកឈ្មោះ QD-OLED មកនិយាយវិញ ព្រោះវាត្រូវបានគេហៅទូទៅច្រើនជាង QD-Display របស់ Samsung។ ការពិតរបស់បច្ចេកវិទ្យា QD-OLED នេះ គឺវាកើតឡើងមកពីការដាក់បញ្ចូលគ្នារវាងបច្ចេកវិទ្យាអេក្រង់ OLED ជាមួយគ្នានឹងបច្ចេកវិទ្យា Quantum Dots ឬហៅកាត់ថា QD ហ្នឹងឯង។ 

ចំណុចខុសគ្នាសំខាន់រវាងអេក្រង់ទាំងពីរនេះ គឺថា បន្ទះអេក្រង់ OLED ត្រូវបានគេប្រើប្រាស់សមាសធាតុ OLED ពណ៌ខៀវ និងពណ៌លឿង ដើម្បីបង្កើតជាគ្រាប់ភិចសែលពណ៌ស និងដាក់ឲ្យវាឆ្លងកាត់ស្រទាប់ Color Filters មួយទៀត ទើបឲ្យគ្រាប់ភិចសែលនោះ បែកចេញជាគ្រាប់ភិចសែលតូចៗជាច្រើន (Sub-Pixels) ហើយចុងក្រោយវាបញ្ចេញពណ៌ក្រហម បៃតង និងខៀវមកវិញ ឲ្យយើងបានឃើញ។ អេក្រង់ OLED មួយចំនួនទៀតថ្មីៗនេះ បានបង្កើត Sub-Pixels ពណ៌សមួយបន្ថែមពីលើ ក្រហម បៃតង ខៀវមួយទៀត ដើម្បីទៅបង្កើនកម្រិតពន្លឺរបស់អេក្រង់។

ចំណែកឯអេក្រង់ QD-OLED វិញ វាខុសគ្នាច្រើនទៅលើដំណើរនេះ ព្រោះថាដើម្បីផលិតបានជាគ្រាប់ភិចសែលពណ៌ក្រហម បៃតង និងខៀវនោះ វាបានប្រើប្រាស់ស្រទាប់ពន្លឺពណ៌ខៀវចាំងទៅលើស្រទាប់ Quantum Dots ហើយបន្ទាប់មក បង្កើតបានជាពណ៌តាមតម្រូវការតែម្ដង ដោយមិនត្រូវការ Color Filters មួយជាន់ទៀតដូចអេក្រង់ OLED ធម្មតាទេ។

ការមិនប្រើប្រាស់ Color Filters នេះហើយ ជួយឲ្យអេក្រង់ QD-OLED មិនមានបាត់បង់ពន្លឺដោយសារការឆ្លងកាត់ច្រើនស្រទាប់ឡើយ ដូច្នេះធ្វើឲ្យវាអាចបញ្ចេញពន្លឺបានកាន់តែខ្ពស់ជាងអេក្រង់ OLED ថែមទៀត។ បើយោងតាមការបង្ហាញរបស់ Samsung អេក្រង់ QD-Display ឬ QD-OLED នៅលើទូរទស្សន៍របស់គេនោះ អាចបង្ហាញកម្រិតពន្លឺឡើងខ្ពស់បំផុតដល់ទៅ 1,500nits ឯណោះ ដោយមិនមានបាត់បង់កម្រិតទឹកពណ៌ផ្សេងៗទៀតនោះទេ។ មិនខុសទេ សម្រាប់បង្ហាញទឹកពណ៌ប្រភេទ BT.2020 អេក្រង់នេះអាចបង្ហាញបានដល់ 90% ចំណែកឯប្រភេទ DCI-P3 វិញ វាអាចបង្ហាញបានដល់ទៅ 120% ឯណោះ។ 

ទន្ទឹមគ្នានេះដែរ អត្ថប្រយោជន៍ផ្សេងៗ ដែលអេក្រង់ OLED អាចផ្តល់ឲ្យនោះ QD-OLED ក៏អាចធ្វើបានដូចគ្នា ជាក់ស្ដែងដូចជាការបង្ហាញពណ៌ខ្មៅដិតច្បាស់ ហើយក៏ធ្វើបានកាន់តែប្រសើរ សម្រាប់ការសម្លឹងមើលពីមុំផ្សេងៗដែរ ជាក់ស្ដែងសម្រាប់ការមើលពី 60 ដឺក្រេ អេក្រង់នេះនៅតែបង្ហាញពន្លឺ និងពណ៌បានច្បាស់ 80% ឯណោះ បើធៀបនឹង OLED វិញ នៅពេលមើលពីមុំនេះ វាបង្ហាញពណ៌ និងពន្លឺឲ្យឃើញបានត្រឹមតែ 53% ប៉ុណ្ណោះ។

ចុងក្រោយសម្រាប់សំណួរដែលសួរថា តើ QD-Display ឬ QD-OLED អាចមានបញ្ហាដានអេក្រង់ដូច OLED ដែរឬទេ? ចម្លើយគឺថា ការដានអេក្រង់ នៅតែអាចទៅរួចក្នុងការកើតមានលើអេក្រង់ប្រភេទថ្មីនេះដដែល ប៉ុន្តែភាគរយដែលអាចកើតឡើងមានតិចជាង ហើយអាយុកាលរបស់វា ក៏អាចរស់បានយូរជាងអេក្រង់ OLED ធម្មតាដែរ ទម្រាំតែមានបញ្ហានេះ។

ប្រភព ៖ Samsung Display
អត្ថបទទាក់ទង