Apple មិនចាប់អារម្មណ៍លើ Metaverse ទេ បើទោះជាគ្រោងបញ្ចេញ VR Headset ក៏ដោយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ធ្លាប់មានដំណឹងជាច្រើនមកហើយថា Apple គ្រោងប្រកាសចេញឧបករណ៍ VR ឬ AR របស់គេចេញផ្លូវការ នៅក្នុងឆ្នាំនេះ ហើយធ្លាប់មានការបន្ថែមទៀតថា ដោយសារតែក្រុមហ៊ុនចង់ផ្តោតទៅលើ Metaverse តែម្ដង។ ប៉ុន្តែបើយោងតាមប្រភពធំមួយនាពេលនេះ ការបង្ហាញខាងលើទំនងជាមិនត្រឹមត្រូវទាំងស្រុងទេ ព្រោះការពិត Apple អាចនឹងមិនចាប់អារម្មណ៍លើ Metaverse ឡើយ។

មិនខុសទេ យោងតាមការបង្ហាញចេញពីប្រភព Mark Gurman មកពី Bloomberg បានឲ្យដឹងថា Apple គ្មានបំណងក្នុងការចូលរួមលើ Metaverse ឡើយ បើទោះជាគេគ្រោងប្រកាសចេញ AR/VR Headset មកក៏ដោយ។ គេបានបន្ថែមទៀតថា AR/VR Headset ដែល Apple បង្កើតមកនោះ គឺនឹងផ្តោតទៅលើសកម្មភាពប្រើប្រាស់ក្នុងរយៈពេលខ្លី មិនមែនផ្តោតលើការចូលទៅក្នុងពិភព Digital (Metaverse) ដើម្បីចាកចេញពីពិភពលោកពិតប្រាកដនោះទេ។ 

Apple ត្រូវបានគេប្រាប់ថា គ្រោងបញ្ចេញ AR/VR Headset ឡើងមក សម្រាប់ផ្តោតទៅលើផ្នែក Gaming, ទំនាក់ទំនង និងការប្រើប្រាស់មុខងារសំខាន់ៗផ្សេងទៀត។ ដូច្នេះមានន័យថា បន្ទាប់ពីលេងហ្គេម ឬប្រើប្រាស់មុខងារផ្សេងៗរួចរាល់ អ្នកប្រើអាចដោះ AR/VR Headset នោះចេញ ហើយត្រលប់មកចូលរួមជាមួយពិភពពិតប្រាកដដូចធម្មតាវិញ។ 

កន្លងទៅនេះ យើងក៏ធ្លាប់បានដឹងពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរបស់ឧបករណ៍ AR/VR របស់ Apple ដែរ ជាក់ស្ដែង វាអាចនឹងមានបំពាក់មកជាមួយអេក្រង់ 8K ចំនួនពីរ, មានកាមេរ៉ាជាច្រើនគ្រាប់ ដើម្បីតាមដានមជ្ឈដ្ឋានជុំវិញខ្លួនអ្នកប្រើ ហើយកាន់តែពិសេសនោះ វាអាចនឹងបំពាក់មកជាមួយឈីប M1, គាំទ្រ WiFi 6E ក៏ដូចជាអាចនឹងត្រូវ Apple ដាក់លក់ខ្ទង់ 3,000 ដុល្លារឯណោះ។

ប្រភព ៖ Gizmodo
អត្ថបទទាក់ទង